ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងនាថ្ងៃព្រហស្បតិ៍នេះបានចេញបញ្ជាជាកំហិតឲ្យកងកម្លាំងកូរ៉េខាងជើងទាំងត្រៀមខ្លួនធ្វើសង្រ្គាម។ ការព្រមាននិងចេញបញ្ជារបស់លោកនេះធ្វើឡើងចំពេលសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងកំពុងតែធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំរួមគ្នា ដែលមានការចូលរួមពីទាហានរាប់ពាន់នាក់។
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឱ្យទាហានបង្កើនការត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាម បន្ទាប់ពីលោកបានត្រួតពិនិត្យកងទ័ពនៅឯមូលដ្ឋានប្រតិបត្តិការយោធាដ៏សំខាន់មួយនៅភាគខាងលិចរបស់ប្រទេសកូរ៉េខាងជើង។ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) ដែលគ្រប់គ្រងដោយរដ្ឋមិនបានបង្ហាញពីទីតាំងនៃមូលដ្ឋានទ័ពដែលលោកគីមជុងអ៊ុនបានទៅទស្សនកិច្ចនៅក្នុងរបាយការណ៍របស់ខ្លួនឡើយ។
យោងតាម KCNA (ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ)បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើងបាននិយាយថា យោធាត្រូវតែ "ដឹកនាំប្រកបដោយថាមពលនៅក្នុងថ្ងៃរុងរឿងថ្មីនៃការពង្រឹងការត្រៀមរៀបចំសង្រ្គាមស្របតាមតម្រូវការនៃស្ថានភាពដែលកំពុងមាន" ។លោកបានបន្ថែមថា "កងទ័ពរបស់យើងគួរតែ បង្កើនជាលំដាប់នូវសមយុទ្ធសង្រ្គាមជាក់ស្តែង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងយ៉ាងឆាប់រហ័សនូវសមត្ថភាពប្រយុទ្ធរបស់ខ្លួនសម្រាប់ការត្រៀមខ្លួនធ្វើសង្រ្គាម " ប្រសិនបើស្ថានការណ៍ប្រែប្រួលនោះយើងនឹងបានត្រៀមខ្លួនរួចជាស្រេច។
ដំណើរទស្សនកិច្ចរបស់លោកគីមទៅបន្ទាយទាហានកូរ៉េខាងជើងបានធ្វើឡើងបន្ទាប់ពីកងកម្លាំង សហរដ្ឋអាម៉េរិកនិងកូរ៉េខាងត្បូងបានបន្តសមយុទ្ធយោធាទ្រង់ទ្រាយធំ Freedom Shield ប្រចាំឆ្នាំ។សមយុទ្ធនេះ ត្រូវបានគេរំពឹងថានឹងចូលរួមសមយុទ្ធចំនួន ៤៨ រួមទាំងសមយុទ្ធស្ទាក់ចាប់មីស៊ីល ការទម្លាក់គ្រាប់បែក ការវាយប្រហារតាមអាកាស និងការបាញ់គ្រាប់ពិត ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ជាមួយនឹងចំនួនទាហានចូលរួមពីរដងបើធៀបនឹងឆ្នាំមុន។
គួរបញ្ចាក់ថាកូរ៉េខាងជើងបានថ្កោលទោសជាយូរយារណាស់មកហើយ ជុំវិញនៃសមយុទ្ធយោធារបស់អាម៉េរិក និងកូរ៉េខាងត្បូង ដោយកូរ៉េខាងជើងបានចាត់ទុកថាសមយុទ្ធរវាងអាម៉េរិក និងកូរ៉េខាងត្បូងគឺធ្វើឡើងដើម្បីបង្កហានិភ័យដល់ឧបទ្វីបកូរ៉េ និងបានគំរាមគំហែងមកកាន់ដែនដីនៃប្រទេសកូរ៉េខាងជើង៕