ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានបន្តការសួរសុខទុក្ខ និងផ្ញើសារជូនពរស្ត្រីគ្រប់រូបក្នុងប្រទេសចិននិងនៅគ្រប់ក្រុមជនជាតិ និងគ្រប់មជ្ឈដ្ឋាន នៅមុនថ្ងៃទិវាអន្តរជាតិនារី ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៨ ខែមីនាខាងមុខនេះ។ ការថ្លែងសារជួបសំណេះសំណាលជាមួយស្រ្តីជាច្រើនរូបរបស់លោកស៊ីនេះធ្វើឡើងក្នុងកិច្ចប្រជុំ សភាប្រជាជនជាតិចិនរឺហៅកាត់ថា NPC (The National People's Congress)។
លោកស៊ីជិនភីងបានផ្ញើការសួរសុខទុក្ខនៅដល់ស្ត្រីជនជាតិចិននៅទូទាំងប្រទេសចិន លោកអះអាងថាស្រ្តីគ្រប់រូបដើរតួនាទីយ៉ាងសំខាន់ក្នុងការថែទាំ និងយកចិត្តទុកដាក់មើលការខុសត្រូវក្នុងគ្រួសារ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយ និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
លោកក៏បានចូលរួមអបអរសាទរ និងជូនពរដល់អ្នកតំណាងស្ត្រី សមាជិកគណៈកម្មាធិការស្ត្រី និងសមាជិកបុគ្គលិកស្ត្រីដែលចូលរួមក្នុង 'សម័យប្រជុំពីរ' ដល់ស្ត្រីនៃគ្រប់ជនជាតិ និងគ្រប់មជ្ឈដ្ឋាន ដល់ស្ត្រីជនរួមជាតិនៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតំបន់តៃវ៉ាន់ និងស្ត្រីជនជាតិចិននៅក្រៅប្រទេស។លោកសង្ឃឹមថាស្ត្រីទាំងអស់អាចដើរតួ "យ៉ាងសំខាន់" និងរួមចំណែកក្នុងការលើកកម្ពស់ជនជាតិចិន៕