Cctimesw1140xh150cm copy

មនុស្សជិត១៧ម៉ឺនបានចុះសមាជិករបបសន្តិសុខផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ 

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៥ ខែមីនា ២០២៤នេះក្រសួងការងារ  បានចុះសមាជិករបបសន្តិសុខផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួន ១៦៦២៨០នាក់។ នេះបើតាមលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ លើកឡើងនៅថ្ងៃទី៦ខែមីនា ឆ្នាំ២០២៤។

លោក ហេង សុផាន់ណារិទ្ធ ក្នុងចំណោមសមាជិក របបសន្តិសុខផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួន ១៦៦ ២៨០នាក់ ក្នុងនោះ បុគ្គលស្វ័យនិយោជន៍ចំនួន ១៣៦ ៧៤៥នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ២៩ ៥៣៥នាក់។ លោក ហេង សុផាន់ណារិទ្ធ បញ្ជាក់ថា រហូតមកទល់ពេលនេះសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តបានទៅប្រើប្រាស់សេវាមានចំនួន១០៨ ៣១៧ដង។ ដោយឡែក ការចំណាយតាវកាលិកទូទាត់មូលដ្ឋានសុខាភិបាល មានចំនួន ២ ៩៧០,៦៣លានរៀល។

លោក ហេង សុផាន់ណារិទ្ធ លើកឡើងថា ចាប់តាំងពីសម្តេច ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ខែ វិច្ឆិកា២០២៣កន្លងទៅនេះ ក្រសួងការងារ បានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងបានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មផងដែរ។

ក្នុងនោះបានចុះយុទ្ធនាការតាម ក្រសួង ស្ថាប័ន រោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនសរុបចំនួន៤ ៧៣៧លើក ដែលមានអ្នកចូលរួមចំនួន ១ ៣៨៨ ៣៦៣ នាក់ និងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមាន ប្រជាប្រិយភាព ក្នុងបណ្ដាញសង្គម ដោយមានចំនួនចែករំលែកបន្ត ៥០ ៤៥៩ដង និងចំនួនចូលទស្សនា៣ ៨៧៦ ០៦០ ដងបន្ថែមទៀត។

លោក ហេង សុផាន់ណារិទ្ធ បានគូសបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ ក៏ទទួលកុមារចូលជាសមាជិកផងដែរ ក្នុងនោះសម្រាប់កុមារ ទទួលបានអត្ថប្រយោជន៍ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស.។ លោក ហេង សុផាន់ណារិទ្ធ បានពន្យល់ទៀតថា កុមារ ទទួលបានអត្ថប្រយោជន៍ដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីពេទ្យសាធារណ និងឯកជន ក្នុងនោះដែរប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិតបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនឹងផ្តល់ប្រាក់វិភាជន៍បូជាសព៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង