Yearendyearend1140x150

១សប្ដាហ៍ សមត្ថកិច្ចបង្ក្រាបបទល្មើសព្រហ្មទណ្ឌ៤៤ករណី ឃាត់ខ្លួនជិត៩០នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កម្លាំងនគរបាលជាតិ ក្រសួងមហាផ្ទៃទូទាំងប្រទេស បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន៤៤ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន៨៩នាក់ ក្នុងរយៈពេលពេញមួយសប្ដាហ៍កន្លងទៅ ដោយគិតចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យ បានបញ្ជាក់ថា ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌសរុប ភាគច្រើនជាអំពើលួច ដែលមានចំនួន១៧ករណី បន្ទាប់មក គឺករណីហិង្សា ដែលមានចំនួន១១ករណី។ យ៉ាងណាក៏ដោយ បើធៀបនឹងសប្ដាហ៍កន្លងទៅ បទល្មើសព្រហ្មទណ្ឌក្នុងសប្ដាហ៍ចុងក្រោយនេះ បានថយចុះពី៦១ មកនៅត្រឹម៤៤ករណី។

កងកម្លាំងអនុវត្តច្បាប់ ជាពិសេសមន្រ្តីនគរបាលជាតិចាប់ពីអគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបន្តការយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ដោយផ្អែកលើគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលកំណត់អំពីការគ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស គ្មានអំពើហិង្សា និងក្មេងទំនើងជាដើម នៅគ្រប់ភូមិ ឃុំ និងសង្កាត់ទូទាំងប្រទេស។

គួរបញ្ជាក់ថា ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ គឺជាទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសបង្កើនការយកចិត្តទុកដាក់ដោះស្រាយចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង