ចិន៖ ប្រទេសចិន នៅថ្ងៃទី ០៥ មីនានេះ បានដាក់ចេញនូវគោលនយោបាយពង្រីកតម្រូវការប្រើប្រាស់តាមបែបឌីជីថលសំខាន់ៗក្នុងស្រុក ដើម្បីលើកកម្ពស់លំហូរសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំបន្ថែម នៅក្នុងប្រទេសខ្លួនបូករួមទាំងការផលិតរថយន្តអគ្គិសនីក្នុងស្រុក និងការប្រើប្រាស់ប្រព័ន្ធលុយឌីជីធល។ នេះបើយោងតាមរបាយការណ៍ការងាររបស់លោកនាយករដ្ឋមន្ត្រី Li Qiang (លីឈាង) បានថ្លែងនៅក្នុងកិច្ចប្រជុំបើកសម័យប្រជុំលើកទី ២ នៃសភាប្រជាជនជាតិលើកទី ១៤ (NPC) នៅទីក្រុងប៉េកាំង។
យោងតាមរបាយការណ៍ការងាររបស់រដ្ឋភិបាលប្រទេសចិនបានឲ្យដឹងថាក្នុងឆ្នាំកន្លងមកនេះ ចិនបានចាប់ផ្ដើម លើកកម្ពស់កំណើនស្ថិរភាពនៃការចំណាយលើការប្រើប្រាស់ ដោយចាត់វិធានការងារយ៉ាងពេញលេញ ក្នុងការដោះស្រាយតម្រូវការសក្តានុពល តាមរយៈការបង្កើនប្រាក់ចំណូល ការកែលម្អការផ្គត់ផ្គង់ និងកាត់បន្ថយការរឹតបន្តឹង និងអភិវឌ្ឍប្រភេទអាជីវកម្មជាច្រើនប្រភេទ។ ប្រទេសចិន ដាក់ចេញនូវគោលនយោបាយនេះឡើង គឺដើម្បីលើកកម្ពស់ការប្រើប្រាស់ឌីជីថល ដែលមិនប៉ះពាល់ដល់បរិស្ថាន និងការប្រើប្រាស់ទាក់ទងនឹងសុខភាព ស្ថេរភាព និងពង្រីកការប្រើប្រាស់បែបប្រពៃណី ព្រមទាំងលើកទឹកចិត្ត និងលើកកម្ពស់កម្មវិធីពាណិជ្ជកម្ម។
ម្យ៉ាងទៀតចិន កំពុងជំរុញការចំណាយលើការផលិតយានជំនិះដែលមានការប្រើប្រាស់ដោយថាមពលថ្មី ដែលភ្ជាប់មកជាមួយភាពឆ្លាតវៃ ផលិតផលអេឡិចត្រូនិច និងទំនិញដែលមានការចំណាយតិច។ ក្នុងនោះដែរ ចិននឹងបង្កើនការវិនិយោគប្រកបដោយប្រសិទ្ធភាពខ្ពស់នៃការវិនិយោគរបស់រដ្ឋាភិបាល ដោយផ្តោតលើការគាំទ្រកម្មវិធីសំខាន់ៗ និងបច្ចេកវិទ្យានវានុវត្តន៍ ប្រភេទហេដ្ឋារចនាសម្ព័ន្ធថ្មី ការអភិរក្សថាមពល ដើម្បីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ត្រូវបានជំរុញដោយប្រាកដប្រជា ស្ថានការណ៍ទូទៅនៃសង្គមរក្សាបាន នូវស្ថិរភាព កិច្ចកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ហើយឆ្ពោះទៅលើការរីកចម្រើនមួយកម្រិតទៀត៕