ភ្នំពេញ៖ កម្ពុជា-ចិន នៅថ្ងៃទី០៤មីនា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីលើទំហំទឹកប្រាក់ចំនួន ៥៣,២លានយ័ន ដើម្បីបង្កើនសោភ័ណភាព និងឆ្លើយតបបំពេញតម្រូវការការងារនាពេលបច្ចុប្បន្ន និងនាពេលខាងមុខ។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ជាមួយលោកស្រី Zhong Jie ទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិ តចិន ដែលមានទំហំទឹកប្រាក់ចំនួន ៥៣,២លានយ័ន នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
ក្នុងឱកាសនោះលោក វង្សី វិស្សុត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Zhong Jie និងបានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានបន្តផ្តល់ជំនួយ ទាំងបច្ចេកទេសនិងហិរញ្ញវត្ថុដល់កម្ពុជា ព្រមទាំងបានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា សាធារណរដ្ឋប្រជាមានិតចិននឹងបន្តជួយកម្ពុជាលើគ្រប់វិស័យនៅពេលអនាគតបន្ថែមទៀត ស្របតាម សេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។
លោក វង្សី វិស្សុត បានបន្តថា កម្ពុជា-ចិនមានប្រវត្តិទំនាក់ទំនងចាក់ឫសយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្រយ៉ាងយូរណាស់មកហើយ ដោយត្រូវបានបុកគ្រឹះនិងកសាងឡើងដោយ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាមួយថ្នាក់ដឹកនាំកំពូលរបស់ចិន និងរីកចម្រើនស្គុះស្គាយដោយ សម្តេច ហ៊ុន សែន។
ជាមួយគ្នានេះ លោក វង្សី វិស្សុត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដោយមានសម្តេច ហ៊ុន ម៉ាណែត ជាប្រមុខកំពុងបន្តពង្រឹងនិងពង្រីកទំនាក់ទំនង ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកស្គុះស្គាយបន្ថែមទៀតឥតឈប់ឈរ ជាពិសេសផ្តោតលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងគំនិតផ្តួចផ្តើមឆ្នាំ២០២៤នេះ ដែលជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន”៕