បាត់ដំបង៖ ទីសក្ការៈបូជា នៃសាសនាបាហៃ ជាគោលដៅទេសចរណ៍បែបសាសនា ដែលត្រូវបានកំណត់ដោយមន្ទីរទេសចរណ៍ខេត្តបាត់ដំបងរួចហើយ។ ទីសក្ការបូជាបាហៃ ជាកន្លែងដែលមានភាពស្ងប់ស្ងាត់ សម្រាប់អ្នកដែលត្រូវការសមាធិឲ្យស្ងប់ចិត្ត។ ទីសក្ការបូជានេះ បើកឲ្យភ្ញៀវទេសចរចូលទស្សនាផងដែរ ប៉ុន្តែហាមមិនឱ្យមានការបរិភោគ ពិសាគ្រឿងស្រវឹង ឬថតរូប នៅក្នុងអគារធំនោះទេ។ ទីសក្ការបូជាបាហៃ ស្ថិតនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និងមានចំងាយប្រហែល៧គីឡូម៉ែត្រពីក្រុងបាត់ដំបង។
ទីសក្ការៈបូជានៃសាសនាបាហៃ ជាគោលដៅទេសចរណ៍បែបសាសនា ដែលត្រូវបានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានកំណត់រួចហើយ។ សំណង់ស្ថាបត្យកម្មនេះ ជាកន្លែងដែលមានភាពស្ងប់ស្ងាត់ សម្រាប់អ្នកដែលត្រូវការសមាធិឲ្យស្ងប់ចិត្ត និងបើកឲ្យភ្ញៀវទេសចរចូលទស្សនាផងដែរ ប៉ុន្តែហាមមិនឱ្យមានការបរិភោគ ផឹកគ្រឿងស្រវឹង ឬថតរូប នៅក្នុងអគារធំនោះទេ។ សាសនាបាហៃ ត្រូវបានប្រជាជនមួយចំនួន មានជំនឿថា ជាសាសនាមួយ ដែលមានទិសដៅបង្រួមបង្រួមសាសនាទាំងអស់ក្នុងពិភពលោក ក៏ដូចជាការរស់នៅរបស់ប្រជាជនផងដែរ។
ទីសក្តារបូជានៃសាសនាបាហៃប្រចាំតំបន់បាត់ដំបង គឺជាសំណង់ស្ថាបត្យកម្មបែបសាសនា ដែលមានភាពលេចធ្លោ និងមានសុខដុមរមនាជាមួយសហគមន៍។ ហើយស្នាដៃស្ថាបត្យកម្មនេះក៏ជាការកើតចេញពីការប្រកួតប្រជែងរបស់ក្រុមស្ថាបត្យករជាច្រើន។ សំណង់ស្ថាបត្យកម្មដែលមានលក្ខណៈប្លែកនិងល្អវិចិត្រនេះ ត្រូវបានរចនាឡើងដោយក្រុមស្ថាបត្យកម្ម ដែលដឹកនាំដោយលោក តាំង សុចិត្តវិទូ បណ្ឌិតផ្នែកស្ថាបត្យកម្មសិក្សានៅសហរដ្ឋអាម៉េរិក។
លោក តាំង សុចិត្តវិទូ បានលើកឡើងថា សំណង់ស្ថាបត្យកម្មទីសក្ការបូជានៃសាសនាបាហៃ គឺជាសំណង់ស្ថាបត្យកម្មមួយដែលមានភាពស្មុគស្មាញនិងទាមទារនូវការរចនាអគារត្រូវតែមានសុខដុមរមនាជាមួយសហគមន៍និងទីតាំងដែលអគារត្រូវសាងសង់ ពិសេសត្រូវមានសុខដុមរមនាជាមួយវប្បធម៌ខ្មែរ ព្រោះអគារត្រូវសាងសង់ឡើងក្នុងសង្គមខ្មែរ។ ការសាងសង់ត្រូវឆ្លើយតបទៅនិងតំរូវការរបស់សាសនាបាហៃ គឺគោរពគោលការណ៍របស់សាសនាបាហៃ ដែលទាមទារឱ្យស្ថាបត្យករប្រើប្រាស់ឱ្យអស់នូវលទ្ធភាព សមត្ថភាព និងប្រើប្រាស់ការស្រម៉ៃឱ្យអស់លទ្ធភាព រួមទាំងបច្ចេកទេស និងជាងដែលមានជំនាញ បទពិសោធន៍ក្នុងការធ្វើការសាងសង់នេះ ពិសេសគឺផ្នែកដំបូល។ លក្ខខណ្ឌតម្រូវរបស់សាសនាបាហៃគឺ ច្រកចូលចំនួន៩ លេខ៩ គឺសំដៅទៅលើសាសនាគោលទាំង៩ អ្វីដែរជាការទាមទារទៀតនោះគឺសួនច្បារនៅជុំវិញទីសក្ការៈបូជា។
លក្ខណៈពិសេសនៃទីសក្ការៈបូជាបាហៃគឺជាសំណង់ស្ថាបត្យកម្មដែលមានច្រកចូលចំនួន០៩ និងជាសំណង់ស្ថាបត្យកម្មដែលសាងសង់ឡើងនៅលើទីទួលចាក់បំពេញនិងជុំវិញមានគូរទឹក។ ជាពិសេស ដំបូលផ្នែកខាងក្រោមគឺជារចនាបថ ដំបូលផ្ទះខ្មែរ និងដំបូលផ្នែកខាងលើប្រើកញ្ចក់ ដើម្បីឱ្យពន្លឺចូលដល់ខាងក្នុងនិងចំកណ្តាល។ ដំបូលលឿងកណ្តាល ធ្វើពីអាលុយមីញ៉ូមពត់កោងដែលទាមទារបច្ចេកទេសខ្ពស់ក្នុងការធ្វើ ហើយការរចនាអគារត្រូវបានសិក្សាយ៉ាងច្បាស់លាស់ពី ពន្លឺថ្ងៃ ខ្យល់ បរិស្ថាន សំលេង។ ទីសក្ការៈបូជាបាហៃ ជាសំណង់ស្ថាបត្យកម្មដែលមានការគិតគូរពីការសន្សំសំចៃថាមពល ដោយមិនប្រើប្រាស់ម៉ាស៊ីនត្រជាក់ គឺមានការប្រើប្រាស់ទ្វារ បង្អួចច្រើន និងការទាញយកភាពត្រជាក់ពីគូរទឹកដែរនៅជុំវិញ៕