Cctimesw1140xh150cm copy

«អង្គកឋិនទាន»ដង្គែទៅវត្តខ្មែរកម្ពុជាក្រោមរៀបចំសូត្រមន្តល្ងាចនេះនៅវិមាន៧មករា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពិធីសូត្រមន្ត«អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ»ថ្ងៃទី ៣ វិច្ឆិកា ឆ្នាំ២០២៤

ភ្នំពេញ៖ ពិធីសូត្រមន្ត«អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ដង្គែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ ប្រទេសវៀតណាម នៅល្ងាចថ្ងៃទី ៣ វិច្ឆិកានេះ បានចាប់ផ្តើមដំណើរការហើយ ក្រោមវត្តមាន សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងមន្ត្រីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល។

 ដូចការគ្រោងទុក ពិធីសូត្រមន្ត«អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ដង្គែទៅវត្តខ្មែរកម្ពុជាក្រោម បានចាប់ផ្តើមហើយនៅថ្ងៃទី ៣ វិច្ឆិកា នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតី​ភាព​សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋា​ភិ​បាល​ជាច្រើនរូបទៀត។

ពិធីបែបសាសនានៃអង្គកឋិនមហាសាមគ្គីគ្រួសារដង្ហែទៅកាន់ខ្មែរក្រោមនាពេលនេះ បានប្រព្រឹត្ត​ទៅ​តាមលំដាប់លំដោយបែបបទប្រពៃណីរបស់ខ្មែររួមមាន ពិធីក្រុងពាលី ពិធីចម្រើនព្រះបរិត្ត និងការសម្តែងព្រះធម្មវិសេសទេសនាដោយសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។ អង្គកឋិនទាននេះត្រូវបានប្រសិទ្ធ​នាមជា«អង្គកឋិន​មហា​សា​​ម​គ្គីគ្រួ​សារខ្មែរ» ព្រោះជាអង្គឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និង​អាណា​ចក្រ ហើយអាណាចក្រទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជ​រដ្ឋា​ភិបាល។

តាមកម្មវិធីបុណ្យបន្ទាប់ពីការរៀបចំពិធីសាសនានារសៀលថ្ងៃនេះរួចរាល់ហើយនោះ នៅវេលាព្រឹក​ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដឹកនាំដង្ហែអង្គកឋិនទានឆ្ពោះ​ទៅ​កាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀម ដែលគ្រោងដល់វត្តនៅពេលរសៀល។ លុះព្រឹកថ្ងៃ​ទី៥ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងរៀបចំប្រគេនយាគូព្រះសង្ឃនៅវត្តស្វាយសៀមថ្មី បន្ទាប់​មក​ដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនអង្គកឋិនទានដល់ព្រះសង្ឃ។

សូមជម្រាបថា នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មាន​ទី​អា​រាម​​រហូត​ដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង