ភ្នំពេញ៖ អ្នក និពន្ធ គីម ឌីណា បានបង្កើតតេឡេក្រាមសរសេរតាមអានភាសាខ្មែរ ដើម្បីមហាជនអាចចូលរួមទាំងអស់គ្នា ក្នុងការពង្រឹងអក្ខរាវិរុទ្ធភាសាខ្មែរ តាមរយៈការទម្លាក់សំឡេងហៅសរសេរតាមអានចំនួន ៣ ទៅ ៥ ពាក្យ ក្នុងមួយថ្ងៃ (បើមានពេលរាល់ថ្ងៃ គឺធ្វើរាល់ថ្ងៃ) នៅចុងថ្ងៃនីមួយៗ កញ្ញានឹងទម្លាក់ចម្លើយត្រឹមត្រូវចូល។
បើតាមការផ្សព្វផ្សាយក្នុងបណ្តាញសង្គមរបស់ អ្នកនិពន្ធ គីម ឌីណា បានឱ្យដឹងថា កញ្ញា បានបង្កើតតេលេក្រាមឆាណែលមួយសម្រាប់អ្នកដែលមានបំណងក្នុងការពង្រឹងការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមចំណែកដោយប្រយោលជាមួយនឹងក្រសួងអប់រំ ដោយសារតែកញ្ញាបានឃើញសេចក្តីណែនាំ ស្ដីពី ការលើកកម្ពស់ការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរឱ្យបានត្រឹមត្រូវ របស់ក្រសួងអប់រំ យុវជន និងកីឡា។
កញ្ញាបានរៀបរាប់បន្តទៀតថាដំណើរការនៅក្នុងក្រុមសរសេរតាមអានភាសាខ្មែរគឺ៖
១. កញ្ញានឹងទម្លាក់សំឡេងហៅសរសេរតាមអានចំនួន ៣ ទៅ ៥ ពាក្យ ក្នុងមួយថ្ងៃ (បើមានពេលរាល់ថ្ងៃ គឺធ្វើរាល់ថ្ងៃ)
២. នៅចុងថ្ងៃនីមួយៗ កញ្ញានឹងទម្លាក់ចម្លើយត្រឹមត្រូវចូល
៣. ចំណុចបន្ថែម៖ ប្រសិនបើសមាជិកក្រុម បានឃើញពាក្យអ្វីថ្មីប្លែក តាមរយៈការអានវចនានុក្រម អាចដាក់ចូលចែករំលែកក្នុងក្រុម។
ជាមួយគ្នានោះផងដែរ ដើម្បីក្រុមអាចបន្តទៅដោយរលូន កញ្ញាមានការកំណត់ជាលក្ខខណ្ឌមួយចំនួនគឺ ៖
១. ការសើចចំអក ឬរិះគន់ ទៅលើអ្នកដែលសរសេរពាក្យខុស នៅក្នុងក្រុម មិនត្រូវបានលើកទឹកចិត្ត
២. មិនចែករំលែកនូវអ្វីដែលផ្ទុយពីគោលបំណងក្នុងក្រុម
៣. ខ្ញុំរក្សាសិទ្ធិក្នុងការដកសមាជិកចេញពីក្រុម ករណីប្រើប្រាស់ពាក្យអសុរោះ មិនគោរពអ្នកដទៃ និងបង្ហោះអ្វីដែលផ្ទុយពីគោលបំណងនៃក្រុម។
ហេតុនេះ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍អាចធ្វើការចូលតេលេក្រាមតាមរយៈតំណភ្ជាប់មួយនេះបាន៖ https://t.me/+UTqFOUyX1qhkMjk1
គួរបញ្ជាក់ផងដែរថា កញ្ញា គីម ឌីណា ជាអ្នកនិពន្ធប្រលោមលោកដ៏មានប្រជាប្រិយភាពម្នាក់ក្នុងសំណាក់យុវជនកម្ពុជា ដែលកញ្ញាបានចូលរួមសកម្មភាពផ្សេងៗជាច្រើនក្នុងគោលបំណងជម្រុញការអានរបស់យុវជនកម្ពុជា៕