Cctime 6monthsfree desktop
Cc times  web banner kh (2)

ព្រោះស្រឡាញ់ការអានគ្រួសារមួយបង្កើត«បណ្ណាល័យសហគមន៍»ដើម្បីជំរុញការអាន

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
 អ្នកស្រី ឡៃ សីឡា និង យុវតី វិចិត្រ លក្ស្មីធីតា

បាត់ដំបង៖ ដោយព្រោះស្រឡាញការអាន និងចែករំលែកសៀវភៅដែលអានហើយ ទៅអ្នកផ្សេងទៀតបានអានដែរ យុវតី វិចិត្រ លក្ស្មីធីតា ដែលត្រឹមជាសិស្សថ្នាក់ទី៨ បានសុំឱ្យម្ដាយបើកបណ្ណាល័យសហគមន៍មួយ នៅក្នុងភូមិ ដើម្បីបង្កើតជាកន្លែងអានមួយ ដល់សាធារណជន ជាពិសេសសិស្សានុសិស្ស ក៏អាចខ្ចីសៀវភៅសម្រាប់អាន និងដើម្បីលើកកម្ពស់ការអានផងនោះ ទើបបណ្ណាល័យសហគមន៍នេះត្រូវបានបង្កើតឡើង។ បណ្ណាល័យនេះ មានទីតាំងស្ថិតនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

អ្នកស្រី ឡៃ សីឡា អាយុ ៤១ឆ្នាំ ជាអាណាព្យាបាលរបស់ យុវសិស្ស វិចិត្រ លក្ស្មីធីតា បានប្រាប់ស៊ីស៊ីថាមស៍ថា ការបង្កើតបណ្ណាល័យសហគមន៍នេះ បានបង្កើតឡើងនៅក្នុងខែសីហា ឆ្នាំ២០២៣ និងជាគំនិតផ្ដួចផ្ដើមរបស់កូនស្រីរបស់អ្នកស្រី។ លក្ស្មីធីតា ជាមនុស្សដែលស្រឡាញការអាន និងតែងតែយកសៀវភៅដែលអានរួចទៅចែកដល់ក្មេងៗ នៅក្នុងភូមិ ដើម្បីឱ្យពួកគេមានឱកាសអានសៀវភៅ ដោយមិនចំណាយថវិកា។ ដូច្នេះហើយទើប យុវតី វិចិត្រ លក្ស្មីធីតា បានសុំឱ្យម្ដាយបង្កើតបណ្ណាល័យសហគមន៍មួយ ដែលមានឈ្មោះថា «ផ្ទះអំណាន រតនះធីតា» ហើយឈ្មោះបណ្ណាល័យនេះ អ្នកស្រីយកឈ្មោះកូនប្រុសស្រីទាំងពីរដាក់បញ្ជូលគ្នាតែម្ដង។

យុវតី វិចិត្រ លក្ស្មីធីតា បានឱ្យដឹងដែរថា ក្រោយបណ្ណាល័យ បានបង្កើតរួចហើយ ខ្លួនបានផ្សព្វផ្សាយតាមបណ្ដាញសង្គម ដើម្បីសុំជំនួយពីសប្បុរសជន។ ក្រោយពីបានឃើញការផ្សាព្វផ្សាយស្នើសុំជំនួយបរិច្ចាគសៀវភៅ ដែលបានបង្ហោះនៅលើបណ្តាញសង្គម សប្បុសជន បណ្ណាគារ បណ្ណាល័យ ផេកលក់សៀវភៅ និងអ្នកនិពន្ធ បានចូលរួមបរិច្ចាគសៀវភៅមកកាន់បណ្ណាល័យសហគមន៍ ផ្ទះអំណាន រតនះធីតា។ សព្វថ្ងៃនេះ បណ្ណាល័យមានសៀវភៅចម្រុះ ដូចជា ប្រលោមលោក ចំណេះដឹងទូទៅ រឿងនិទានសម្រាប់កុមារ សៀវភៅលើកទឹកចិត្ត សៀវភៅអភិវឌ្ឍន៍ខ្លួន និងសៀវភៅជាច្រើនទៀត។

អ្នកស្រី ឡៃ សីឡា បានបន្ដថា បណ្ណាល័យសហគមន៍ បើកឱ្យចូលអាន និងខ្ចីសៀវភៅ ដោយសេរី។ ហើយបណ្ណាល័យនេះ បើកចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧យប់ និងអនុញ្ញាតឱ្យអ្នកអាន ខ្ចីសៀវភៅយកទៅអាននៅផ្ទះផងដែរ ដោយមានលក្ខខណ្ឌមនុស្សម្នាក់អាចខ្ចីសៀវភៅបានតែ១ក្បាលប៉ុណ្ណោះ។ អ្នកស្រី សីឡា បញ្ជាក់ថា រាល់ថ្ងៃនេះមានអ្នកមកខ្ចីសៀវភៅច្រើន ហើយក៏មានកុមារតូចៗមកលេង និងអានក៏ច្រើនដែរ។ ជាមួយគ្នានោះ ក៏មានសិស្សានុសិស្សភាគច្រើន មកខ្ចីសៀវភៅចំណេះដឹងទូទៅ យកទៅបន្ថែមលើកការសិក្សារបស់ពួកគេបន្ថែមទៀត។

អ្នកស្រី ឡៃ សីឡា និងយុវតី វិចិត្រ លក្ស្មីធីតា បាននិយាយថា ពួកគេមានមោទនៈភាព ដែលអាចជួយសង្គមនេះបានតាមលទ្ធភាពដែលពួកគេមាន ហើយបានជួយសំរួលមួយផ្នែកធំដល់កុមារ និងយុវជនក្នុងសហគមន៍ ក្នុងការចំណាយថវិកាទិញសៀវភៅសម្រាប់អាន។ តាមរយៈការបង្កើតបណ្ណាល័យនេះ អ្នកស្រី ឡៃ សីឡា និងកូនស្រី សប្បាយចិត្ត ដែលបានឃើញយ៉ាងច្បាស់អំពីទឹកចិត្តប្រជាជនកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងវិស័យអប់រំ និងចែករំលែកក្តីស្រលាញ់តាមរយៈការចែករំលែក ក៏ដូចជាបរិច្ចាគសៀវភៅដល់សិស្សនិស្សតដែលគ្មានលទ្ធភាព៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង