Cctimesw1140xh150cm copy

រដ្ឋមន្ត្រីការបរទេសអង់គ្លេស កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបីធំៗ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកស្រី Rt Hon. Anne-Marie Trevelyan រដ្ឋមន្ត្រីកាបរទេសអង់គ្លេសទទួលបន្ទុកឥណ្ឌូ-ប៉ាស៊ីហ្វិក

ភ្នំពេញ៖ រដ្ឋមន្ត្រីកាបរទេសអង់គ្លេសទទួលបន្ទុកឥណ្ឌូ-ប៉ាស៊ីហ្វិក លោកស្រី Rt Hon. Anne-Marie Trevelyan បាននិងកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២-៤ ខែមីនា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួនបី រួមមានវិស័យពាណិជ្ជកម្ម ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការអប់រំ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្ត្រី Trevelyan នឹងចូលជួបប្រជុំជាមួយឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីពិភាក្សាអំពីការគាំទ្ររបស់ចក្រភពអង់គ្លេស ចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធបៃតងផងដែរ។

ពាណិជ្ជកម្ម និងការវិនិយោគរវាងចក្រភពអង់គ្លេស និងកម្ពុជានៅតែបន្តអភិវឌ្ឍ ដែលត្រូវបានជំរុញដោយគំនិតផ្ដួចផ្ដើ មនានា រួមទាំងប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាមួយនឹងពាណិជ្ជកម្មទ្វេភាគីប្រចាំឆ្នាំមាន តម្លៃជាង ១ ពាន់លានផោន។ កម្ពុជាក៏ជាប្រទេសអាទិភាពមួយសម្រាប់កម្មវិធីភាពជាដៃគូវិនិយោគរបស់ចក្រភពអង់គ្លេសដែលជំរុញការវិនិយោគពីវិស័យឯកជនទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព គុណភាពខ្ពស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍។

សេចក្ដីថ្លែងមតិនៅមុនដំណើរទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្ត្រីបានឲ្យដឹងថា កម្ពុជា ជាប្រទេសដែលមានប្រវត្តិសាស្ត្របុរាណដ៏គូរឲ្យស្ញប់ស្ញែង និងដែលបានជម្នះភាពលំបាកនាពេលថ្មីៗនេះ ដើម្បីក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតក្នុងអាស៊ាន។

លោកស្រីថ្លែងថា "ទំនាក់ទំនងទ្វេភាគីអង់គ្លេស-កម្ពុជាកំពុងរីកចម្រើនលើវិស័យផ្សេងៗ ហើយយើងប្តេជ្ញាគាំទ្រប្រទេសកម្ពុជា ចំពោះដំណាក់កាលបន្ទាប់នៃដំណើរអភិវឌ្ឍន៍របស់ខ្លួន។ ខ្ញុំទន្ទឹងរង់ចាំស្ដាប់បន្ថែមទៀតអំពីកិច្ចការងារនៃគម្រោង ភាពជាដៃគូវិនិយោគរបស់ចក្រភពអង់គ្លេសកំពុងអនុវត្តសម្រាប់ប្រទេសកម្ពុជា និងតួនាទីនៃការអប់រំរបស់ចក្រ ភពអង់គ្លេសក្នុងការអភិវឌ្ឍទេពកោសល្យនៅទីនេះ។”

លោក Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រីរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស ទទួលបន្ទុកឥណ្ឌូ-ប៉ាស៊ីហ្វិក Rt Hon. Anne-Marie Trevelyan MP មកកាន់ប្រទេសកម្ពុជា ដែលជា ដំណើរទស្សនកិច្ចលើកដំបូងថ្នាក់រដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស ចាប់តាំងពីរដ្ឋាភិបាលរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ចូលកាន់តំណែងកាលពីខែសីហាឆ្នាំមុន។

លោកឯកអគ្គរាជទូតបន្តថា ដំណើរទស្សនកិច្ចនេះគឺជាការបង្ហាញឱ្យឃើញពី បំណងប្រាថ្នារបស់ចក្រភពអង់គ្លេសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។ ចក្រភព អង់គ្លេសប្តេជ្ញាគាំទ្រដល់កំណើនសេដ្ឋកិច្ចដែលបង្កើតការងារនៅក្នុងប្រទេសកម្ពុជា តាមរយៈការវិនិយោគ ប្រកបដោយនិរន្តរភាព គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ និងពាណិជ្ជកម្ម។ ដំណើរទស្សនកិច្ចនេះក៏នឹងក្លាយជាឱកាស សម្រាប់ការពិភាក្សាបើកចំហលើបញ្ហាជាតិ និងអន្តរជាតិសំខាន់ៗ។ ខ្ញុំរីករាយដែលលោកស្រីរដ្ឋមន្ត្រីអាចស្តាប់ ឮពីប្រជាជនកម្ពុជាជាច្រើនអំពីអនាគត។”

កំឡុងពេលនៅទីក្រុងភ្នំពេញ លោកស្រីរដ្ឋមន្ត្រីនឹងធ្វើទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យ De Montfort ដែលជា សាកលវិទ្យាល័យនៃចក្រភពអង់គ្លេសដំបូងគេដែលបានបើកសាខានៅក្នុងប្រទេសកម្ពុជា ហើយមានដើមកំណើតនៅទី ក្រុង Leicester នៃចក្រភពអង់គ្លេស។ លោកស្រីរដ្ឋមន្ត្រីនឹងជួបជជែកជាមួយបុគ្គលិកសាកលវិទ្យាល័យ និងអ្នកផ្តល់ សេវាអប់រំផ្សេងទៀត នៅមុខពេលសកលវិទ្យាល័យបើកទ្វារស្វាគមន៍ក្រុមនិស្សិតដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ២០២៤។

ការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំសម្រាប់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី និងកុមារី គឺជាអាទិភាពយូរអង្វែងនៅ ក្នុងទំនាក់ទំនងចក្រភពអង់គ្លេស-កម្ពុជា។ បន្ថែមពីលើកម្មវិធីដែលមានស្រាប់ នៅឆ្នាំ ២០២៣ ចក្រភពអង់គ្លេសបានប្តេជ្ញា ចិត្តផ្តល់មូលនិធិ ៣០ លានផោន ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំសម្រាប់ស្ត្រី និងកុមារីនៅទូទាំងអាស៊ីអាគ្នេយ៍។ មូលនិធិនេះនឹងគាំទ្រដល់ស្ត្រី និងកុមារីប្រមាណ ១០០,០០០ នាក់ ដោយរួមមានតាមរយៈការផ្តល់អាហារូបករណ៍ និង ថ្នាក់បំប៉នបន្ថែម ក៏ដូចជាការបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីបង្កើនគុណភាពនៃមេរៀន។

ជាការបង្ហាញនៃការគោរពរបស់ចក្រភពអង់គ្លេសចំពោះប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់កម្ពុជា លោកស្រីរដ្ឋមន្ត្រីក៏នឹងអញ្ជើញទៅទស្សនាសារមនី្ទរជាតិកម្ពុជា ដើម្បីមើលវត្ថុបុរាណដែលទើបត្រឡប់មកកម្ពុជាពីចក្រភពអង់គ្លេសនាពេលថ្មីៗ នេះ ហើយក៏មានឱកាសដើម្បីស្ដាប់អង្គការសង្គមស៊ីវិល និងការងារសំខាន់ៗរបស់ពួកគេស្ដីពីអភិបាលកិច្ចល្អ តម្លាភាព ការការពារ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងប្រទេសផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង