Cctimesw1140xh150cm copy

«រដូវប្រាំង»ឆ្នាំ២០២៤សីតុណ្ហភាពនឹងឡើងខ្ពស់ ធ្វើឱ្យអាកាសធាតុក្ដៅ ហើយស្ងួត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងពីការព្យាករអាកាសធាតុលើកទី២សម្រាប់រដូវប្រាំង និងដើមរដូវវស្សាចាប់ពីខែមីនា ដល់ខែឧសភាឆ្នាំ២០២៤។ នៅក្នុងរដូវប្រាំងឆ្នាំនេះ សីតុណ្ហភាពនៅទូទាំងប្រទេសនឹងឡើងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្ដាធ្វើឱ្យអាកាសធាតុក្ដៅ ហើយស្ងួត។

ក្រសួងបានបញ្ជាក់ថា បរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយភ្លៀងកក់ខែធ្លាក់តិចតួច ដោយតិចជាងឆ្នាំ២០២៣ ជាមួយគ្នានឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ដ្រាក់ដែលកើតឡើងច្រើន។

សម្រាប់ដើមរដូវវស្សាឆ្នាំ២០២៤វិញ សីតុណ្ហភាពស្មើ ឬខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយមិនសូវរាយប៉ាយ រួមជាមួយនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ដ្រាក់កើតឡើងច្រើន។

ចំពោះបាតុភូតសកល យោងតាមការតាមដានទៅលើការពិនិត្យសង្កេត និងព្យាករស្ថានភាពវិវត្ដន៍នៃសីតុណ្ហភាពលើផ្ទៃសមុទ្រប៉ាស៊ីហ្វិកក្បែរអេក្វាទ័របង្ហាញថា ចាប់ពីខែមីនាដល់ខែមេសា ឆ្នាំ២០២៤ អត្រានៃបាតុភូតអែលនីណូ(El Nino)ខ្ពស់ជាង៧០ភាគរយ នៅបន្ដមានឥទ្ធិពលនៅលើតំបន់ជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក។

ចាប់ពីខែឧសភា ឆ្នាំ២០២៤តទៅ អត្រានៃបាតុភូតអែលនីណូ នឹងថយចុះមកនៅត្រឹម២០ភាគរយ ដោយជំនួសមកវិញនូវស្ថានភាពអព្យាក្រឹត។

ដូច្នេះយោងលើការព្យាករអាកាសធាតុ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសហការប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្ដាជនបទដែលនៅឆ្ងាយពីប្រភពទឹក។

ជាមួយគ្នានេះ ក្រសួងអំពាវនាវឱ្យយកចិត្ដទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុក្ដៅហើយស្ងួត បាតុភូតផ្គររន្ទះ និងខ្យល់កន្ដ្រាក់ដែលអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៤៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង