Cctimesw1140xh150cm copy

អាជ្ញាធរអប្សរា រៀបចំដាក់ស្លាកសញ្ញាបង្ហាញទីតាំងប្រុងប្រយ័ត្នមុនដើរឆ្លងកាត់ នៅប្រាសាទបាយ័ន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាម៖ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំដាក់ស្លាកសញ្ញាមួយចំនួន ដើម្បីប្រាប់ពីទីតាំងខ្លះៗដល់ភ្ញៀវទេសចរឱ្យមានការប្រុងប្រយ័ត្នមុននិងដើរឆ្លងកាត់ នៅតាមទិសដៅវង់ទស្សនាប្រាសាទបាយ័ន។

លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំស្លាកសញ្ញាហានិភ័យ បានឱ្យដឹងថា ក្រុមការងារបានចុះទៅពិនិត្យទីតាំងមួយចំនួន ដែលអាចនឹងធ្វើឱ្យភ្ញៀវទេសចរគ្រោះថ្នាក់ដូចជា ដើរដួល ដើរផុតថ្ម ដើរចូលកន្លែងទាបជាដើម។ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ទើបក្រុមការងាររៀបចំដាក់ស្លាកសញ្ញានៅតាមចំណុចហានិភ័យខ្ពស់ទាំងនោះ បំណងប្រាប់ដល់ភ្ញៀវជាតិ-អន្តរជាតិ ឱ្យបានដឹងជាមុន និងប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលកំពុងដើរទស្សនា។

លោក ប៊ូ ផានេត បន្ថែមថា ស្លាកសញ្ញាប្រាប់ដំណឹងដល់ភ្ញៀវទេសចរនេះ មានទំហំតូចល្មម មិនប៉ះពាល់ដល់ទេសភាព សោភ័ណភាពប្រាសាទនោះឡើយ ដែលអាចធ្វើឱ្យភ្ញៀវទេសចរបានឃើញ និងយកចិត្តទុកដាក់ទីតាំងដែលពួកគាត់ឆ្លងកាត់។

អាជ្ញាធរជាតិអប្សរា ក៏បានស្នើដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលរួមគោរពតាមការណែនាំតាមស្លាកសញ្ញាផ្សេងៗដែលបានរៀបចំនៅគ្រប់ប្រាសាទទាំងអស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ក្នុងពេលទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង