Img 1426
Swift cc time

ឆ្នាំ២០២៣ទេសចរជាង៥ម៉ឺននាក់ បានមកកម្សាន្ដនៅសហគមន៍នេសាទត្រពាំងសង្កែ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កំពត៖ នៅក្នុងឆ្នាំ២០២៣ សហគមន៍នេសាទត្រពាំងសង្កែ បានទទួលភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាង៥ម៉ឺននាក់។ នៅក្នុងនោះ ៨០%នៃភ្ញៀវទេសចរ មកសហគមន៍នេសាទត្រពាំងសង្កែ ដើម្បីជិះទូកកម្សាន្ដ និង២០%ទៀត គឺមកស្នាក់នៅក្នុងផ្ទះស្នាក់របស់សហគមន៍។

ថ្លែងប្រាប់អ្នកសារព័ត៌មានលោក សឹម ហ៊ីន ប្រធានសហគមន៍នេសាទត្រពាំងសង្កែ មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៣ សហគមន៍នេសាទត្រពាំងសង្កែ ទទួលបានភ្ញៀវទេសចរជាង ៥ម៉ឺននាក់ ក្នុងនោះភ្ញៀទេសចរបរទេសប្រមាណ ៦ពាន់នាក់។ ជាទូទៅភ្ញៀវទេសចរ ៨០% មកសហគមន៍នេសាទត្រពាំងសង្កែ គឺដើម្បីជិះទូកកម្សាន្ដ ខណៈ២០%ទៀត គឺមកស្នាក់នៅក្នុងផ្ទះស្នាក់ក្នុងសហគមន៍។ ជាមួយគ្នានោះ ផ្ទះស្នាក់នៅសហគមន៍នេសាទត្រពាំងសង្កែ មិនគ្រប់គ្រាន់សម្រាប់តែថ្ងៃបុណ្យប៉ុណ្ណោះ ប៉ុន្ដែសម្រាប់ថ្ងៃចុងសប្ដាហ៍ មានគ្រប់គ្រាន់សម្រាប់ភ្ញៀវទេសចរណ៍ និងថ្ងៃធម្មតា មិនមានអ្នកមកស្នាក់នៅច្រើននោះទេ។

សូមជម្រាបថា សហគមន៍នេសាទត្រពាំងសង្កែ ស្ថិតនៅក្នុង ភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ សហគមន៍នេសាទត្រពាំងសង្កែ ជាកន្លែងកំសាន្តមួយកន្លែង ដែលសម្បូរទៅដោយព្រៃកោងកាង និងចម្ងាយប្រមាណ ១២ គីឡូម៉ែត្រពីរួមខេត្តកំពត។ នៅទីនោះ ភ្ញៀវទេសចរអាច ដាំកូនកោងកាងអនុស្សាវរីយ៌នៅក្នុងសហគមន៍, ជិះទូកមើលព្រៃកោងកាងនៅជាប់មាត់សមុទ្រ, ទទួលទានអាហារនៅកញ្ចុះមាត់សមុទ្រ ស្នាក់នៅក្នុងសហគមន៍ និងមានសកម្មភាពជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា ដែននេសាទដែលស្ថិតក្រោមការគ្រប់គ្រងរបស់សហគមន៍មានចំនួន ៥១៥ ហិកតា និង ព្រៃកោងកាងមានចំនួន ៤៨ ហិកតា នៅក្នុងចំនួន ៤៨ ហិកតានោះ ខាងសហគមន៍ដាំទៅលើដីថ្មីបានចំនួន ២៥ ហិកតា ដោយរាប់មកដល់ឆ្នាំ ២០២៣ សហគមន៍ដាំកូនកោងកាងបានចំនួន ៦០ ម៉ឺនដើម៕


Khcct banner

អត្ថបទទាក់ទង