ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលធ្វើឡើងនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ តបតាមការអញ្ជើញរបស់ លោក អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤-៦ ខែមីនា ២០២៤ នៅទីក្រុង ម៉ែលប៊ន ប្រទេសអូស្ត្រាលី។
កិច្ចប្រជុំកំពូលពិសេស នឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ កំណត់ទិសដៅអនាគតរួម និងធ្វើឱ្យទំនាក់ ទំនងកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវអាទិភាពសំខាន់ៗ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី។ ថ្នាក់ដឹកនាំ គ្រោងនឹងអនុម័តសេចក្ដីថ្លែង ការណ៍ទីក្រុងម៉ែលប៊ន និងសេចក្តីប្រកាសចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី។
ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្ដេច ហ៊ុន ម៉ាណែត ក៏នឹងមានជំនួបទ្វេភាគី ជាមួយ លោក អនថូនី អាល់បានីស៊ី និងសមភាគីអាស៊ានមួយចំនួន ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនង ទ្វេភាគីបន្ថែមទៀត៕