ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី០១មីនា ស្អែកនេះ ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប ដោយរដ្ឋសភា នីតិកាលទី៧។
សម័យប្រជុំសភានេះ នឹងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការ បង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល។ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក។
គួរបញ្ជាក់ថា ក្រៅពីសមាជិកព្រឹទ្ធសភាទាំង៥៨រូបដែលត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកលមិនចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ កាលពីថ្ងៃទី២៥ កុម្ភៈ សមាជិកព្រឹទ្ធសភា២ រូប នឹងត្រូវចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប៕