Cctimesw1140xh150cm copy

រដ្ឋបាលជលផល បំភ្លឺថាទីតាំងដែលដាក់របាំងសាច់អួន មិនស្ថិតនៅលើផ្ទៃបឹងទន្លេសាបនោះទេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រដ្ឋបាលជលផល នៅថ្ងៃទី ២៧ កម្ភៈ បានចេញបំភ្លឺ ដែលកាលកន្លងមកមានបណ្តាញសង្គម ហ្វេសប៊ុក (Facebook) បានផ្សព្វផ្សាយអំពីការដាក់របាំងសាច់អួន និងលប នៅក្នុងបឹងទន្លេសាប។ បើតាមរដ្ឋបាលជលផល នៃក្រសួងកសិកម្ម បានបំភ្លឺថា ទីតាំងដែលត្រូវបានថតយកមកផ្សព្វផ្សាយ គឺជាផ្នែកមួយតូចនៃបឹងទន្លេសាបតែប៉ុណ្ណោះ ដែលមានឈ្មោះថា «កន្លុកបាយក្អែក»នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មិនមែនស្ថិតនៅលើផ្ទៃបឹងទន្លេសាប ឬច្រកផ្លូវដែលត្រីឆ្លងកាត់នោះឡើយ។

រដ្ឋបាលជលផល ក៏បានបញ្ជាក់ថា ទីតាំងនោះ គឺជាផ្នែកតូចនៃបឹងទន្លេសាប និងមានប្រជាពលរដ្ឋជាច្រើនពាន់គ្រួសាររស់នៅកកកុញក្បែរទីតាំងនោះ។ នៅពេលទឹកធំក្នុងរដូវវស្សា ការនេសាទដោយប្រើឧបករណ៍របាំងលប នៅទីនោះមានភាពធំទូលាយ និងស្ថិតនៅដាច់ៗពីគ្នា តែជាប្រពៃណី នៅពេលទឹកស្រក កន្លែងនោះរួមតូចនាំឱ្យការដាក់របាំងលបចាប់ត្រីនៅកៀកៗគ្នា ដើម្បីផ្តល់លទ្ធភាពឱ្យពួកគាត់អាចរកត្រីបានគ្រប់គ្នា ដែលជាប្រភពអាហារ និងសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ទោះជាយ៉ាងណាទំហំក្រឡា និងប្រវែងរបាំងសាច់អួន តែងតែត្រូវបានត្រួតពិនិត្យជារឿយៗ។

រដ្ឋបាលជលផល បន្ថែមថា ឧបករណ៍នេសាទដែលមានរាងដូចជាព្រួញនោះ គឺជាឧបករណ៍នេសាទស្របច្បាប់ ឱ្យតែទំហំក្រឡា និងប្រវែងរបាំងសាច់អួនស្របតាមច្បាប់ស្តីពីជលផល។ រដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធតែងតែធ្វើការត្រួតពិនិត្យទំហំក្រឡានៃ របាំងសាច់អួន និងកាត់តម្រឹមប្រវែងដែលវែងខុសច្បាប់ជាប្រចាំផងដែរ។

មន្ត្រីជលផលធ្វើការយ៉ាងជិតស្និទ្ធជាមួយបងប្អូនសហគមន៍នេសាទ ដោយធ្វើការថ្លឹងថ្លែងពីទិដ្ឋភាពច្បាប់ និងរក្សា ភាពបត់បែនដើម្បីប្រយោជន៍សហគមន៍ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅតំបន់នោះអាចមានលទ្ធភាព អាស្រ័យផលនិងទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន។ ប៉ុន្តែដាច់ខាតមិនអនុញ្ញាតឱ្យមានការធ្វើលើសពីប្រវែង និងទំហំក្រឡា ដែលច្បាប់បានកំណត់ជាពិសេសចំពោះការធ្វើអាជីវកម្មនេសាទទ្រង់ទ្រាយធំដោយខុសច្បាប់។

គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបបានបង្ក្រាបការប្រើឧបករណ៍របាំងសាច់អួន និងស្បៃមុងប្រវែង ១ ៦៥០ ៦១៧ម៉ែត្រ លប និងលូ១៥ ២២៩គ្រឿង ឧបករណ៍ឆក់ក្តៅ ឆក់ត្រជាក់១ ៤៧៣គ្រឿង អួនអូស ទឹកសាប៥៣វង់ អូនហ៊ុម៣៣វង់ ម៉ាញ់១៤វង់ ឈ្លក់រួមផ្សំភ្លើង១២៧គ្រឿង និងឈិបយន្ត២៣គ្រឿង។

ការបំភ្លឺនេះមានគោលដៅជម្រាបឱ្យសាធារណៈជនបានដឹងពីជីវភាពជាក់ស្តែងនៅក្នុងតំបន់-កន្លុកបាយក្អែក” ជៀសវាងការយល់ច្រលំ ជាមួយនឹងស្ថានភាពរស់នៅក្នុងតំបន់បឹងទន្លេសាបទាំងមូល និងសកម្មភាពដែលរដ្ឋបាលជលផលបាន និងកំពុងអនុវត្តច្បាប់ស្តីពីផលផល។

សូមជម្រាប់ថា ក្រសួងកសិកម្ម នារសៀលថ្ងៃទី ២៨ កុម្ភៈនេះ នឹងរៀបចំធ្វើសន្និសិទសារព័ត៌មាន ស្ដីពីស្ថានភាពនេសាទនៅតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចាប់ពីម៉ោង ០៤ៈ៣០ល្ងាច នៅទីស្ដីការក្រសួងកសិកម្ម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង