Cctimesw1140xh150cm copy

«ការងារស្ម័គ្រចិត្ត» ពង្រឹងសមត្ថភាព លោកគ្រូ ហៀក ណារ៉ាត់ មុនចេញធ្វើការជាក់ស្តែង

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោក ហៀក ណារ៉ាត់ ចាប់ផ្តើមធ្វើការងារស្ម័គ្រចិត្តតាំងពីនៅជានិស្សិតរហូតដល់ពេលចេញធ្វើការ លើកទឹកចិត្តយុវជនឱ្យចូលរួមការងារស្ម័គ្រចិត្តដោយកុំមានការគិតថាវាមិនបានប្រាក់កម្រៃ ឬ ត្រូវជាមួយនឹងជំនាញដែលសិក្សានៅសាកលវិទ្យាល័យដើម្បីមានឱកាសអភិវឌ្ឍសមត្ថភាព ជំនាញរឹង និងជំនាញទន់របស់ខ្លួន។

លោក ហៀក ណារ៉ាត់ ជាអតីតសិស្សនិទ្ទេស A ដែលបានប្រឡងបាក់ឌុបនៅឆ្នាំ២០១៩ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យពីរកាលពីឆ្នាំ២០២៣។

លោក ណារ៉ាត់ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្នុងនាមជាយុវជនម្នាក់ដែលបានធ្វើដំណើរមកពីខេត្តត្បូងឃ្មុំដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ លោកពិតជាមានការចង់ដឹងចង់លឺពីសង្គមខាងក្រៅ និងកសាងទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួន ដែលជាហេតុជម្រុញឱ្យលោកចាប់ផ្តើមធ្វើការងារស្ម័គ្រចិត្តដំបូងឡើយនៅឆ្នាំ២០១៩ ហើយទទួលបានបទពិសោធន៍ជាច្រើនមកពង្រឹងក្នុងអាជីពនិងជីវិតរបស់ខ្លួនក្នុងពេលបច្ចុប្បន្ន។

កំឡុងពេលសិក្សានៅសាកលវិទ្យាល័យ លោក ណារ៉ាត់តែងតែចំណាយពេលជាមួយនឹងការងារសង្គមជាច្រើនមិនថាកម្មវិធីថ្នាក់ជាតិ ថ្នាក់តំបន់ ឬ ថ្នាក់អន្តរជាតិនោះឡើយ ជាពិសេស លោកបានសង្កត់ធ្ងន់ថា ការដែលលោកធ្វើការងារទាំងនោះ លោកមិនបានរំពឹងថាខ្លួននឹងបានជាសាច់ប្រាក់អ្វីពីវានោះឡើយ ដោយសារតែគោលដៅគឺចង់ស្វែងរកខ្លួនឯង អភិវឌ្ឍសមត្ថភាព និងកសាងទំនាក់ទំនងជាមួយនឹងអ្នកដែលមានបទពិសោធន៍ជាងខ្លួនដើម្បីជាគ្រឹះក្នុងការត្រៀមលក្ខណៈក្នុងការធ្វើការងារដែលលោកមានក្តីសុបិន្ត។

មកដល់ពេលនេះ លោក ណារ៉ាត់ ពិតជាបានសម្រេចក្តីស្រមៃដោយបានធ្វើការជាគ្រូបង្រៀនភាសាអង់គ្លេស នៅមជ្ឈមណ្ឌលភាសាអេ អាយ អាយ និងទទួលបានអត្ថប្រយោជន៍ជាទីគាប់ចិត្តផងដែរ។ យុវជនរូបនេះ បានបន្តទៀតថា កាលនៅជាយុវជនស្ម័គ្រចិត្ត លោកមិនមានការប្រកាន់ថាត្រូវតែធ្វើការងារស្ម័គ្រចិត្តណាដែលត្រូវនឹងជំនាញដែលរៀននៅសាកលវិទ្យាល័យនោះឡើយ ដូចនេះហើយទើបលោកអាចមានឱកាសច្រើនក្នុងការពង្រឹងសមត្ថភាព និងបត់បែនតាមការងារផ្សេងៗគ្នា រហូតមានសមត្ថភាពដូចបច្ចុប្បន្ន។

លោក ណារ៉ាត់ បានចែករំលែកបន្តទៀតថា ការងារស្ម័គ្រចិត្តអាចធ្វើពេលណាក៏បានសំខាន់លើបុគ្គល ហើយនិងមិនមានការយឺតពេលសម្រាប់ការចាប់ផ្តើមនោះឡើយ មិនថាបច្ចុប្បន្នយើងជាសិស្សនិស្សិតឆ្នាំទី១ ទី២ ទី៣ ឬរៀនចប់ហើយក៏ដោយ តែអ្វីដែលសំខាន់គឺការគ្រប់គ្រងពេលវេលារបស់ខ្លួន។ តែពេលវេលាដែលលោកគិតថា ភាគច្រើនមានប្រសិទ្ធភាពបំផុត គឺកំឡុងពេលរៀននៅឆ្នាំទី១ ដល់ ឆ្នាំទី៣ ព្រោះជាពេលវេលាមួយដែលមិនទាន់មានការរវល់ខ្លាំងក្នុងការផ្តោតលើជំនាញមុនពេលបញ្ចប់ការសិក្សានោះឡើយ។ បើតាមបទពិសោធន៍របស់លោក ណារ៉ាត់ នៅឆ្នាំទី៤ លោកចាប់ផ្តោតខ្លាំងលើការហាត់ការងារពាក់ព័ន្ធនឹងជំនាញរបស់ខ្លួនម្តងដើម្បីអាចក្រេបយកបទពិសោធន៍ដាក់ពាក្យធ្វើការងារ។

ជាចុងក្រោយ លោកបានបញ្ជាក់ថា ប្រសិនបើយុវជនមានបំណងក្នុងការស្ម័គ្រចិត្ត អាចព្យាយាមសាកសួរទៅកាន់មិត្តភក្តិ ឬ សិស្សច្បងដែលបានធ្វើការងារស្ម័គ្រចិត្តមុន ដើម្បីអាចដឹងពីប្រភពការងារស្ម័គ្រចិត្តផ្សេងៗ ឬ អាចតាមដានគេហទំព័រមួយចំនួនដែលមានការផ្សព្វផ្សាយពីឱកាសនានាដូចជា RULErs Community, ក្រសួងអប់រំ, ឬ ប្រភពផ្សេងទៀតជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង