ថៃ៖ ប៉ូលិសថៃបានឲ្យដឹងថាពលរដ្ឋតៃវ៉ាន់មួយក្រុមបានសម្លាប់បុរសតៃវ៉ាន់ម្នាក់ទៀតក្នុងប្រទេសថៃបន្ទាប់ពីសម្លាប់រួចក្រុមបុរសតៃវ៉ាន់ ៤ នាក់ និងស្ត្រីថៃម្នាក់បានទៅលេងកាស៊ីណូក្នុងក្រុងប៉ោយប៉ែត មុនពេលចេញដំណើរមកភ្នំពេញ។អ្នកស៊ើបអង្កេតនៅសាមុតប្រាកាន បានស្នើឱ្យប៉ូលិសអន្តោប្រវេសន៍ខេត្តស្រះកែវ ឱ្យឃ្លាំមើលសមាជិកក្រុមជនសង្ស័យដែលបានសម្លាប់ជនជាតិតៃវ៉ាន់ Shih Mou Chiang អាយុ ៤៤ ឆ្នាំ។ សាកសពរបស់ជនរងគ្រោះមានស្នាមសាក់ត្រូវបានគេរកឃើញនៅក្នុងតូបលក់អាហារដែលគ្មានមនុស្សនៅក្បែរព្រលានយន្តហោះកាលពីថ្ងៃអាទិត្យ។ ជនរងគ្រោះខាងលើនេះក៏កំពុងត្រូវបានប៉ូលីសតៃវ៉ាន់តាមចាប់ខ្លួនពីបទប្លន់កាលពីកន្លងទៅផងដែរ ដោយជនរងគ្រោះខាងលើនេះបានហោះហើរចេញពីកោះតៃវ៉ាន់ និងលាក់ខ្លួនក្នុងប្រទេសថៃ។
លោក Pol Col Napatpong Supaporn ប្រធានអន្តោប្រវេសន៍ខេត្តស្រះកែវ បានឲ្យដឹងថា កាមេរ៉ាសុវត្ថិភាពថតបានបង្ហាញពីក្រុមក្មេងទំនើងតៃវ៉ាន់មួយក្រុមដែលមកដល់ខេត្តស្រះកែវតាមឡានក្រុងប្រហែលម៉ោង ៤ រសៀលថ្ងៃអាទិត្យ។ជនសង្ស័យទាំង៥នាក់ បានបង្ហាញលិខិតឆ្លងដែន ដល់មន្ត្រីអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអារញ្ញ និងបានឆ្លងដែនចូលមកក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា នៅម៉ោងប្រមាណ៦ល្ងាចថ្ងៃអាទិត្យបន្ទាប់ក្រុមជនងសង្ស័យខាងលើបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោហ។ លោកបន្តថា ប៉ូលិសអន្តោប្រវេសន៍មិនអាចឃាត់ពួកគេបានទេ ព្រោះពេលនេះគ្មានដីកាចាប់ខ្លួនពួកគេទេ។
សមត្ថកិច្ចខេត្តស្រះកែវ បានរកឃើញថា ជនសង្ស័យបានទៅលេងកាស៊ីណូ នៅក្រុងប៉ោយប៉ែត វេលាម៉ោងប្រហែល ៧ និង៣០នាទីយប់ ហើយម៉ោងប្រហែល ៩យប់ ពួកគេបានជួលតាក់ស៊ី ហើយធ្វើដំណើរឆ្ពោះទៅភ្នំពេញ។ ក្រុមអ្នកស៊ើបអង្កេតកំពុងរង់ចាំព័ត៌មានពីអាជ្ញាធរកម្ពុជាថាតើក្រុមក្មេងទំនើងនេះបានចាកចេញពីប្រទេសកម្ពុជាឬយ៉ាងណា។
ប្រភពពីប៉ូលីសថៃបានអះអាងទៀតថា ជនរងគ្រោះជាជនជាតិតៃវ៉ាន់ ត្រូវបានបាញ់ចំក្បាលជាច្រើនគ្រាប់ នៅផ្ទះរបស់ជនជាតិថៃ ដែលសព្វថ្ងៃរស់នៅតៃវ៉ាន់។ ផ្ទះនេះស្ថិតក្នុងតំបន់ Lat Plakhao នៃសង្កាត់ Lat Phrao ក្នុងទីក្រុងបាងកក ហើយត្រូវបានស្ត្រីជនជាតិថៃជួលឲ្យជនរងគ្រោះ។សាក្សីបាននិយាយថា ស្ត្រីជនជាតិថៃម្នាក់អាយុ២០ឆ្នាំរស់នៅទីនោះ។ គេគិតថា នាងប្រហែលជាមិត្តស្រីរបស់បុរសដែលត្រូវគេសម្លាប់។
គួរបញ្ជាក់ថាជនរងគ្រោះមានឈ្មោះថា Shih Mou Chiang បានរត់គេចខ្លួនពីកោះតៃវ៉ាន់ ដើម្បីគេចពីការចាប់ខ្លួនពីបទប្លន់ និងកាន់កាប់អាវុធខុសច្បាប់។កាលពីថ្ងៃសៅរ៍ លោកក៏បានលួចរថយន្ត Toyota Yaris ពណ៌ស នៅប៉ាតាយ៉ា។ បច្ចុប្បន្ននេះអាជ្ញាធរថៃកំពុងសហការជាមួយអាជ្ញាធរកម្ពុជាតាមរកជនសង្ស័យតៃវ៉ាន់មួយក្រុមដែលបានធ្វើឃាតលោក Shih Mou Chiang៕