កម្ពុជា៖ សាលាបឋមសិក្សាចំនួនបី ដែលមានទីតាំងនៅជុំវិញតំបន់ការពារទេសភាពបឹងព្រែកល្ពៅ កាលពីថ្ងៃទី២៣-២៥ កុម្ភៈ បានប្រារព្ធកម្មវិធីទិវាសត្វក្រៀល និងអបអរសាទរទិវាតំបន់ដីសើមពិភពលោក ដើម្បីលើកកម្ពស់ការអភិរក្សសត្វស្លាប ជាពិសេសសត្វក្រៀល ព្រមទាំងយល់ដឹងពីសារៈសំខាន់និងជំរុញការចូលរួមថែរក្សាការពារនៃតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។
សាលាបឋមសិក្សាបន្ទាយធ្លាយ សាលាបឋមសិក្សាក្ដុលជ្រុំ និងសាលាបឋមសិក្សាសង្គមមានជ័យ ដែលមានទីតាំងនៅជុំវិញតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានប្រារព្ធកម្មវិធីទិវាសត្វក្រៀល និងអបអរសាទរទិវាតំបន់ដីសើមពិភពលោក។ កម្មវិធីនេះធ្វើឡើងជារាងរាល់ឆ្នាំក្នុងគោលបំណងដើម្បីលើកកម្ពស់ការអភិរក្សសត្វស្លាបជាពិសេសសត្វក្រៀល ព្រមទាំងយល់ដឹងពីសារៈសំខាន់ និងជំរុញការចូលរួមថែរក្សាការពារនៃតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។
ឆ្នាំ២០២៤នេះ មានអ្នកចូលរួម៣០០នាក់ ដែលក្នុងនោះរួមមាន នាយករងតំបន់ការពារបឹងព្រែកល្ពៅ ក្រុមប្រឹក្សាឃុំ លោកមេភូមិ (បន្ទាយធ្លាយ, កំពង់ក្រសាំង, និងភូមិសង្គមមានជ័យ) អាជ្ញាធរមូលដ្ឋាន នាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។ ក្រៅពីបទបង្ហាញអំពីសារៈសំខាន់របស់តំបន់ដីសើម និងសត្វក្រៀល ប្រធានបទទាក់ទងនិងការគ្រប់គ្រងសំណល់ប្លាស់ស្ទីកក៏ត្រូវបានលើកឡើងផងដែរ។ ក្រោយពេលបញ្ចប់ទិវាអ្នកចូលរួមទាំងអស់បានប្តេជ្ញាចិត្តចូលរួមអភិរក្សសត្វក្រៀល កាត់បន្ថយការប្រើប្រាស់ប្លាស្ទីកនិងចូលរួមប្រើប្រាស់តំបន់ដីសើមដោយឈ្លាសវៃ។
សូមបញ្ជាក់ថា សត្វក្រៀលគឺជាប្រភេទសត្វកម្រ និងជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក ហើយអាចហើរបាន។ ជាទូទៅ សត្វក្រៀលមានកម្ពស់ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ សត្វក្រៀល ត្រូវបានរកឃើញថាមាននិន្នាការធ្លាក់ចុះខ្លាំង ក្នុងនោះសត្វក្រៀលនៅកម្ពុជាក៏មានចំនួនធ្លាក់ចុះដែរ ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ ទាំងការថែរក្សាទីជម្រកពងកូន និងតំបន់ដីសើមដែលជាកន្លែងស្វែងរកចំណីរបស់សត្វក្រៀលនិងសត្វស្លាបផ្សេងៗទៀត៕