Cctimesw1140xh150cm copy

កញ្ញា ឈុំ ផល្លាយ៖ «ការហាត់ការងារ» ផ្តល់ប្រយោជន៍ដល់និស្សិតត្រៀមខ្លួនចាប់យក ការងារក្នុងក្តីស្រមៃ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កញ្ញា ឈុំ ផល្លាយ បានបញ្ចប់ការសិក្សាជំនាញធនាគារ និងហិរញ្ញវត្ថុ តាំងពីឆ្នាំ២០១៦ បានប្រឡូកក្នុងវិស័យធនាគាររយៈពេល ៩ ឆ្នាំគិតមកដល់ពេលនេះ ដោយសារតែការរៀបចំផែនការការងារបានល្អ និងការចាប់ផ្តើមជីវិតការងារដំបូងជា «និស្សិតហាត់ការងារ» កំឡុងរៀននៅឆ្នាំទី៣។

កញ្ញា ឈុំ ផល្លាយ បច្ចុប្បន្នជាបុគ្គលិកមួយរូបនៅក្នុងធនាគារក្នុងស្រុកមួយដែលមានតួនាទីជាអ្នកបង្កើតនីតិវិធី និងធ្លាប់បានប្រឡូកក្នុងការងារធនាគារតាំងពីឆ្នាំ២០១៥ មកម្ល៉េះក្នុងនាមជានិស្សិតហាត់ការម្នាក់ រហូតបានឡើងដំណែងបន្តបន្ទាប់នៅក្នុងវិស័យធនាគារ និងធ្វើឱ្យកញ្ញាបានស្វែងរកខ្លួនឯងជាមួយនឹងការងារថា នៅក្នុងវិស័យធនាគារមានតួនាទី និងផ្នែកជាច្រើនដែលខុសពីការគិតរបស់កញ្ញាកាលពីនៅកុមារភាពថា ការងារធនាគារគ្រាន់តែស្លៀកពាក់ស្អាត និងធ្វើការជាមួយលុយ។

កញ្ញា ផល្លាយ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ ថាកំឡុងពេលសិក្សានៅក្នុងសាកលវិទ្យាល័យ កញ្ញាតែងតែចំណាយពេលវេលាជាមួយនឹងការពង្រឹងភាសាអង់គ្លេស ការងារស្ម័គ្រចិត្ត និងអានសៀវភៅឱ្យបានច្រើន ដែលជាហេតុធ្វើឱ្យកញ្ញាមានគំនិតច្រើននៅក្នុងការសិក្សានៅសាកលវិទ្យាល័យ និងធ្វើការងាររហូតមកដល់ពេលបច្ចុប្បន្ននេះ។ ដោយសារតែមានការយល់ដឹងច្រើនពីការស្រាវជ្រាវ និងពិភពលោកខាងក្រៅ បានធ្វើឱ្យកញ្ញាបានដាក់ពាក្យធ្វើជានិស្សិតហាត់ការ កំឡុងសិក្សានៅឆ្នាំទី៣នៅសាកលវិទ្យាល័យក្នុងជំនាញ ធនាគារ និងហិរញ្ញវត្ថុ។

កញ្ញា បានបន្តទៀតថា កញ្ញា បានចំណាយពេលប្រមាណ ១០ ខែ ក្នុងនាមជានិស្សិតហាត់ការ និងបានរៀនសូត្រចំណេះដឹងជាច្រើន មិនថាជំនាញរឹង និងជំនាញទន់ ដែលជាទុនមួយសម្រាប់កញ្ញាយកទៅអនុវត្តនៅកន្លែងធ្វើការក្នុងក្តីស្រមៃរបស់ខ្លួន។ ត្រឹមរយៈពេលមិនដល់មួយឆ្នាំផង កញ្ញា ផល្លាយ បានអភិវឌ្ឍសមត្ថភាពជាច្រើនស្មានមិនដល់ដោយសារតែកញ្ញាបានព្យាយាមសម្របខ្លួន និងមានឆន្ទៈក្នុងការរៀនសូត្រពីសិស្សច្បងជុំវិញខ្លួន ដែលអាចធ្វើការទំនាក់ទំនងជាមួយនឹងបុគ្គលិកដោយមានភាពក្លាហាន។ ហេតុនេះ កញ្ញា លើកទឹកចិត្តឱ្យសិស្សានុសិស្សដែលកំពុងរៀននៅសាកលវិទ្យាល័យដែលកំពុងសិក្សានៅសាកលវិទ្យាល័យអោយត្រៀមលក្ខណៈឱ្យបានល្អមុននឹងដាក់ពាក្យទៅក្រុមហ៊ុនណាមួយក្នុងការធ្វើជានិស្សិតហាត់ការ ដើម្បីទទួលបានផលប្រយោជន៍ច្រើនកសាងសមត្ថភាពខ្លួនក្នុងវិស័យការងារក្នុងក្តីស្រមៃ។

បន្ថែមពីនេះ កញ្ញា បានផ្តល់ជាគន្លឹះមួយចំនួនសម្រាប់និស្សិតដែលកំពុងតែស្វែងរកក្រុមហ៊ុនដើម្បីធ្វើការហាត់ការ ឬ ធ្វើការពេញម៉ោងក្តី អោយចេះរៀបចំប្រវត្តិរូបសង្ខេប (CV) របស់ខ្លួនឱ្យបានល្អ ហើយស្រាវជ្រាវរកការងារនៅក្រុមហ៊ុនណាដែលមានផ្នែកដែលខ្លួនចង់ពង្រឹងសមត្ថភាព បន្ទាប់មកត្រូវស្គាល់ពីស្ថាប័ន និងតួនាទីនោះឱ្យច្បាស់ថាគេធ្វើអ្វី ហើយត្រូវដឹងថាខ្លួនមានគុណភាពអ្វី ឬ សមត្ថភាពអ្វីដែលក្រុមហ៊ុន ឬ ស្ថាប័នណាមួយជ្រើសរើសយកទៅធ្វើការបាន។

ជាមួយគ្នានេះផងដែរ កញ្ញា ក៏បានលើកឡើងនៅចំណុចមួយចំនួនដែលសិស្សនិស្សិតត្រូវដឹងពេលចូលធ្វើការងារជានិស្សិតហាត់ការថា ត្រូវត្រៀមលក្ខណៈក្នុងការសម្របខ្លួនក្នុងការធ្វើការជាមួយនឹងសិស្សច្បង និងអ្នកដែលមានបទពិសោធន័ច្រើនជាងខ្លួន ហើយត្រូវហ៊ានទទួលយកសម្ពាធផ្សេងៗដែលអាចនឹងមានកំឡុងពេលធ្វើការនៅក្នុងផ្នែកនោះ ព្រោះថា នៅវ័យជានិស្សិតជាវ័យមួយដែលយុវជនត្រូវហ៊ានសួរ តស៊ូក្រោមសម្ភាធ ព្យាយាមអាននិងស្រាវជ្រាវឱ្យបានច្រើនកំឡុងបំពេញតួនាទីរបស់ខ្លួន។ ប្រសិនបើធ្វើបានគ្រប់ចំណុចនេះ និស្សិតនឹងទទួលបានការអភិវឌ្ឍច្រើនស្មានមិនដល់ក្នុងការដឹកនាំខ្លួនឯង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា ការធ្វើជានិស្សិតហាត់ការ គឺមានលក្ខណៈខុសគ្នាពី ការធ្វើការជាបុគ្គលិក ត្រង់ថា និស្សិតហាត់ការ ត្រូវបានជ្រើសរើសក្នុងគោលបំណងដើម្បីមកពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងរយៈពេលកំណត់ណាមួយ និងមានទំនួលខុសត្រូវបន្តិចបន្តួចពីអ្នកហ្វឹកហាត់ ហើយបន្ទាប់ពីនិស្សិតមានសមត្ថភាពគ្រប់គ្រាន់ក្នុងរយៈពេលកំណត់មួយ និស្សិតអាចបញ្ចប់ភាពជានិស្សិតហាត់ការបាន។ យ៉ាងណាមិញ ការធ្វើការជាបុគ្គលិក ជាការងារអាជីពដែលតម្រូវមានទំនួលខុសត្រូវខ្ពស់ និងត្រូវការមានបទពិសោធន៍ជាក់លាក់ណាមួយដែលក្រុមហ៊ុនត្រូវការ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង