Cctimesw1140xh150cm copy

សង្រ្គាមរុស្សី-អ៊ុយក្រែនឈានចូលឆ្នាំទី៣ ចំពេលពន្លឺនៃការចចារគ្មានទាល់តែសោះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

អ៊ុយក្រែន៖ ប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ បានប្រារព្ធខួប ២ ឆ្នាំចាប់តាំងពីការលុកលុយរបស់រុស្ស៊ី ដែលឈានចូលឆ្នាំទី ៣ នៃសង្រ្គាមដែលបានកើតឡើងជាមួយនឹងការវិវត្តន៍នៃសង្គ្រាមកាន់តែកើនឡើងនៅលើសមរភូមិ ចំពេលដែលរុស្ស៊ីកំពុងតែពង្រឹងនៃកងកម្លាំងរបស់ខ្លួនកាន់តែខ្លាំងឡើងជាថ្មី ដែលបង្កើនហានិភ័យនៃអស្ថិរភាព សន្តិសុខលើទូទាំងពិភពលោក។

សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បន្តឆេះរាលដាលរយៈពេល ២ ឆ្នាំហើយ បន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យលើកទ័ពចូលវាយលុកទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្របពេលដែលភ្លើងសង្គ្រាមមួយនេះក៏មិនទាន់រកឃើញពន្លឺណាមួយមកពន្លត់នោះដែរ ហើយថ្មីៗនេះកងកម្លាំងរុស្ស៊ីក៏ទើបតែវាយដណ្ដើមបានទីក្រុង Avdiivka ភាគខាងកើតអ៊ុយក្រែន ដែលជាជោគជ័យត្រចះត្រចង់មួយទៀត ក្រោយការវាយដណ្ដើមបានទីក្រុង Bakhmut កាលពីឆ្នាំ២០២៣ កន្លងទៅ ។

ទន្ទឹមនោះ ក្នុងរយៈពេល ២ ឆ្នាំមកនេះ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក៏បានដកមេទ័ពកំពូលៗ និងរុះរើរដ្ឋមន្ត្រីមួយចំនួនផងដែរ ជាពិសេសក្រោយបរាជ័យនៅក្នុងប្រតិបត្តិការវាយបករបស់អ៊ុយក្រែនទៅលើរុស្ស៊ីកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ដោយបណ្ដាលឲ្យមានការស្លាប់បាត់បង់ជីវិតទាហានអ៊ុយក្រែនជាច្រើននាក់ និងខ្ទេចខ្ទីសព្វាវុធដែលលោកខាងលិចផ្ដល់ឲ្យជាច្រើនផងដែរ ហើយក្រោយការបាក់ទ័ពរបស់អ៊ុយក្រែននេះហើយ ទើបរុញឲ្យរុស្ស៊ីកាន់តែមានទឹកមាត់លេបបន្ថែមទៀត ។

សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន គឺប៉ះពាល់ទៅដល់អ៊ុយក្រែនខ្លាំងជាងគេ និងពិភពលោកផងដែរ ជាពិសេសប្រទេសមហាអំណាចសេដ្ឋកិច្ចដូចជា ចិន និងអាម៉េរិកជាដើម ។ ចំពោះចិន ចិនតែងតែអះអាងថា ចិនគឺគោរពបូរណភាពទឹកដី និងអធិបតេយ្យភាពគ្រប់ប្រទេសទាំងអស់ ជាពិសេសតែងតែរក្សា និងមិនលូកលាន់កិច្ចការផ្ទៃក្នុងប្រទេសផ្សេងឡើយ ហើយចំពោះពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនវិញ ចិនក៏បានដាក់ចេញដំណោះស្រាយសន្តិភាព ១២ ចំណុចលើវិបត្តិនៅអ៊ុយក្រែន ហើយការដាក់ចេញគោលការណ៍សន្តិភាពទាំងនោះគឺចំខួប ១ ឆ្នាំនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈដំណោះស្រាយទាំងនោះផ្ដោតសំខាន់លើបទឈប់បាញ់ ការចរចារកសន្តិភាព ការដោះស្រាយវិបត្តិមនុស្សធម៌ ការបញ្ឈប់ការដាក់ទណ្ឌកម្មជាឯកតោភាគី ការការពារជនស៊ីវិល។

គួរបញ្ជាក់ថា ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ២ ឆ្នាំនៃភ្លើងសង្គ្រាមមួយនេះ ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាមានចំនួនជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិតនៅលើសមរភូមិប្រយុទ្ធក្នុងរយៈពេល ២៤ ខែកន្លងមកនេះ ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង