Cctimesw1140xh150cm copy

ព្រះសង្ឃនិង​ពុ​ទ្ធ​បរិស័ទ​​នឹង​ប្រារព្ធ​«បុណ្យ​ផ្កា​»ប្រមូល​បច្ច័យ​សាងសង់​ពុ​ទ្ធ​បដិមា​កម្ពស់​១០៨​ម៉ែត្រលើភ្នំបូកគោ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំ​ពត៖ព្រះសង្ឃ និង ​ពុទ្ធបរិស័ទ​ និមន្ត​ អញ្ជើញ​មកពី​២៥​រាជធានីខេត្ត​/នឹងរៀបចំ«ពិធីបុណ្យផ្ការស្មីសាមគ្គីជាតិ»មួយនៅលើ​កំពូលភ្នំ​បូកគោក្នុងខេត្តកំពត ដើម្បី​ប្រមូល​បច្ច័យចូលរួម​កសាង​ព្រះពុទ្ធ​ប្បដិមាកម្ពស់​១០៨​ម៉ែត្រ ​នៅលើ​ខ្នងភ្នំ​បូកគោ​។ពិធីបុណ្យផ្ការស្មីសាមគ្គីជាតិនេះ នឹងប្រារព្ធធ្វើរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។

ពិធីបុណ្យផ្ការស្មីសាមគ្គីជាតិនេះ គឺរៀបចំប្រារព្ធឡើងដោយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះមេគណរាជធានី ខេត្ត រួមគ្នាជាមួយអ្នកឧកញ៉ា សុខ គង់ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេស។ជាពិធីបុណ្យ ដើម្បីប្រមូលបច្ច័យសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ និង ព្រះពុទ្ធប្បដិមាអង្គតូចចំនួន ៨៤,០០០ អង្គ នៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស បូកគោ ខេត្តកំពត ។

បើតាមសេចក្តីប្រកាសព័ត៌មាន ពិធីបុណ្យផ្ការស្មីសាមគ្គីជាតិ ថ្ងៃទី១ ត្រូវនឹងថ្ងៃទី០១ ខែមីនា នឹងជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ ធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសីល និង និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ស្ថិតនៅការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រតំបន់វាល ស្រែ៥០០ លើខ្នងភ្នំបូកគោ ហើយពេលរាត្រី ក្រុមសិល្បៈល្ខោនបាសាក់អប្សរាសម្តែងជូនទស្សនាទល់ភ្លឺនៅមុខសណ្ឋាគារ ឋានសួគ៌ សុខា (លើភ្នំបូកគោ)។

ថ្ងៃទី២ម៉ោង៣ និង ៣០នាទីរសៀលនឹងមានការជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ ធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត បន្ទាប់មកសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សមាជិកថេរសភាពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា សម្តែងធម្មទេសនា នៅការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ លើខ្នងភ្នំបូកគោ។ ពិធីនេះប្រព្រឹត្តទៅក្រោមព្រះអធិបតីភាព សម្តេចព្រះពោធិវ័ង្ស អំ លីមហេង។នៅពេលរាត្រី ក្រុមសិល្បៈល្ខោនបាសាក់អប្សរាសម្តែងជូនទស្សនាទល់ភ្លឺនៅមុខសណ្ឋាគារ ឋានសួគ៌ សុខា (លើភ្នំបូកគោ)។

ថ្ងៃទី៣ត្រូវនឹងថ្ងៃទី០៣ ខែមីនាម៉ោង៨ព្រឹក ពិធីរាប់បាត្រ ព្រះសង្ឃ ១,០០០ អង្គ ស្ថិតនៅការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ តំបន់វាលស្រែ៥០០ លើខ្នងភ្នំបូកគោ។

ដើម្បី​បាន​ចូលរួមចំណែក​ជ្រះថ្លា ក្នុង​ការ​កសាង​ព្រះពុទ្ធ​ប្បដិមា​កម្ពស់​១០៨​ម៉ែត្រ​នេះ ពុទ្ធបរិស័ទ​អាចមាន​ឱកាស ចាប់យក​កុសលផល​បុណ្យ ចូលរួម​ភ្ជាប់​និស្ស័យ​កសាង​ព្រះ​ពុទ្ធអង្គ​ធំ​នេះ ដោយ​សទ្ធា​ជ្រះថ្លា ជាពិសេស​ពុទ្ធបរិស័ទ​ទាំងអស់ អាច​ចាប់មគ្គផល​កុសលផល​បុណ្យ​ជាវ​ព្រះអង្គ​តូចៗ ដែលមាន​ទំហំ​កម្ពស់​០.៣១​ម៉ែត្រ បណ្តោយ ០.២៥​ម៉ែត្រ និង ទទឹង​០.១៦៥​ម៉ែត្រ មាន​៤​ថ្នាក់​៩​ជាន់ ហើយ​អាច​ចារឹក​ឈ្មោះ​ផ្ទាល់ខ្លួន ឈ្មោះ​អ្នកមានគុណ លោកតា​លោកយាយ កូន ក្មួយ ដើម្បី​ទទួលបាន​កុសលផល​បុណ្យ​ផងដែរ ហើយ​ដំកល់ទុក​នៅក្នុង​ខឿន​ក្រោម​ព្រះអង្គ​ធំ ទុកជា​ប្រវត្តិសាស្ត្រ​យូរអង្វែង ត​គ្រប់​ជំនាន់​ដល់​កូន ចៅ ជំនាន់​ក្រោយ​បាន​គោរព​ជាទី​សក្ការៈ។

អ្នកឧកញ៉ា​បណ្ឌិត​សុខ គង់ មាន​ចក្ខុវិស័យ និង​សទ្ធា​ជ្រះថ្លា​មុតមាំ ក្នុង​ការកសាង​ព្រះពុទ្ធ​ប្បដិមា កម្ពស់​១០៨​ម៉ែត្រ​នេះ ដែលមាន​ព្រះពុទ្ធ​ប្បដិមា​អង្គ​ធំ និង​ព្រះ​ពុទ្ធរូប​តូចៗ ដើម្បី​បាន​ឧទ្ទិស​កុសលផល​បុណ្យ ដែល​យើង​បានធ្វើ​មិន​ថា​ក្នុង​ជាតិ​នេះ រឺ​គ្រប់ៗ​ជាតិ​ណា​ឡើយ និង​ដើម្បី​ការរក្សា​នូវ​អត្តសញ្ញាណ​ជាតិ នៃ​វប្ប​ធម៌​សាសនា ដោយ​ឈរលើ​មូល​ដ្ឋា​នរក្សា​ចាស់ បង្កើត​ថ្មី នា​សម័យ​តេ​ជោ​សន្តិភាព និង​ការអភិវឌ្ឍ​៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង