
ចិន៖ កាលពីថ្ងៃទី ៣០ ខែសីហា តាមម៉ោងក្នុងតំបន់ លោកវ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងសុន្ទរកថានៅវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីទំនាក់ទំនងអន្តរជាតិនៃប្រទេសបារាំងព្រមទាំងបានឆ្លើយសំណួររបស់ភ្ញៀវកិត្តិយស ។
លោកThierry de Montbrial ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីទំនាក់ទំនងអន្តរជាតិនៃប្រទេសបារាំងបានសួរថា តើលោកសម្គាល់ថា ធ្វើយ៉ាងម៉េចទើបអាចចៀសវាងការកើតមានសង្គ្រាមត្រជាក់ថ្មីរវាងចិននិងអាមេរិក?
លោកវ៉ាងយីបានលើកឡើងពីទស្សនៈ៣ ចំណុចអំពីទំនាក់ទំនងចិននិងអាមេរិក ។ ទី ១ ជម្លោះរវាងចិននិងអាមេរិកមិនមែនជាការឈ្លោះគ្នាដើម្បីដណ្តើមអំណាច ឋានៈឬរបបសង្គមនោះទេ តែគឺជាជម្លោះរវាងការប្រកាន់ខ្ជាប់ពហុភាគីនិយមនិងឯកតោភាគីនិយម ការផ្តួចផ្តើមអំពីកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះនិងការប្រកួតប្រជែងយកឈ្នះ-ចាញ់ ។ ជឿជាក់ថាពិភពលោកបានមើលឃើញច្បាស់ហើយថា អាមេរិកកំពុងឈរនៅប៉ែកខាងខុសនៃប្រវត្តិសាស្ត្រ ។
ទី ២ ការទូតអាមេរិកបច្ចុប្បន្ននៅសល់តែការដាក់ទណ្ឌកម្មដោយឯកតោភាគីនិងលាបពណ៌វាយប្រហារអ្នកដទៃប៉ុណ្ណោះ ។
ទី ៣ ទ្វារនៃកិច្ចសន្ទនារវាងចិននិងអាមេរិកគឺបើកទូលាយ ។ ចិនរីករាយផ្លាស់ប្តូរមតិយោបល់គ្នាដោយស្មោះនិងស៊ីជម្រៅអំពីបញ្ហាយកចិត្តទុកដាក់ដូចគ្នាជាមួយភាគីអាមេរិកគ្រប់ពេលវេលា ៕ អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន