Cctimesw1140xh150cm copy

អតីតអ្នកបួស លោក ព្រាន ជ្រូក បង្រៀនយុវជនខ្មែរឱ្យចេះ«ចារសាស្ត្រាស្លឹករឹត»

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ លោក ព្រាន ជ្រូក អតីតអ្នកបួសម្នាក់រស់នៅតំបន់រមណីយដ្ឋានអង្គរ បាននឹងកំពុងបង្រៀនយុវជនខ្មែរឱ្យចេះជំនាញចារសាស្ត្រាស្លឹករឹត។ បច្ចុប្បន្នអតីតអ្នកបួសរូបនេះ បានយកទីតាំងផ្ទះរបស់លោក ដែលស្ថិតនៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ធ្វើជាកន្លែងបង្រៀនយុវជនខ្មែរជំនាន់ក្រោយអំពីជំនាញចារគម្ពីរសាស្ត្រាស្លឹករឹត ក្នុងបំណងរក្សាវប្បធម៌និងសិល្បៈមួយនេះឱ្យមានអ្នកបន្តវេនយូរអង្វែងតទៅទៀត។

នៅក្នុងតំបន់រមណីយដ្ឋានអង្គរ លោក ព្រាន ជ្រូក អាយុ ២៧ឆ្នាំ រស់នៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានយកទីតាំងផ្ទះរបស់គាត់ធ្វើជាកន្លែងបង្រៀនយុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះជំនាញចារគម្ពីរសាស្ត្រាស្លឹករឹត ក្នុងបំណងរក្សាវប្បធម៌និងសិល្បៈមួយនេះឱ្យមានអ្នកបន្តវេនយូរអង្វែងតទៅទៀត។

លោក ព្រាន ជ្រូក ឱ្យដឹងថា លោកបានចេះជំនាញចារសាស្ត្រាស្លឹករឹតក្នុងពេលដែលរូបលោកបានបួស និងរៀននៅវត្ត(នាមរូប)ក្នុងស្រុកពួក។ បច្ចុប្បន្នលោកកំពុងប្រឹងប្រែងបង្ហាត់បង្រៀនចារសាស្ត្រាស្លឹករឹតដល់យុវជន យុវតី នៅក្នុងភូមិដោយឥតគិតថ្លៃ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញ និងស្គាល់ពីតម្លៃរបស់សាស្ត្រា ដែលបុព្វបុរសខ្មែរបានប្រើប្រាស់ ចារជាគម្ពីរ ប្រវត្តិសាស្ត្រ និងក្បួនច្បាប់ផ្សេងៗជាច្រើនជាយូរលង់មកហើយ។

ការខិតខំបង្រៀនជំនាញចារសាស្ត្រាស្លឹករឹតដល់យុវជនខ្មែរជំនាញក្រោយឱ្យមានចំណេះបន្ត ដោយសារតែបច្ចុប្បន្ន ជំនាញចារសាស្ត្រាស្លឹករឹតបានបាត់បង់ទៅៗស្ទើរតែទាំងស្រុងនៅក្នុងសង្គមខ្មែរសម័យថ្មី។ លោក ព្រាន ជ្រូក បញ្ជាក់ថា ជំនាញចារសាស្ត្រាស្លឹករឹត គឺត្រូវមានចិត្តអត់ធ្មត់ ធ្វើអារម្មណ៍យើងឱ្យនឹង ស្រលាញ់ និងផ្តោតការយកចិត្តទុកដាក់ខ្លាំង។

លោក ព្រាន ជ្រូក បានឱ្យដឹងទៀតថា អ្នកដែលចង់សិក្សារៀនសូត្រ ពីជំនាញចារសាស្ត្រាស្លឹករឹតទាល់តែមានចិត្តស្រលាញ់ ចង់ចេះ ចង់ដឹងច្បាស់លាស់ទើបអាចធ្វើបាន។ បច្ចុប្បន្ននេះមានយុវតីនិងយុវជនចំនួន៥ ទៅ៦នាក់ប៉ុណ្ណោះ ដែលចាប់អារម្មណ៍និងជំនាញចារសាស្ត្រាស្លឹករឹតនេះនៅក្នុងចំណោមយុវជនជាច្រើន។ នៅក្នុងភូមិត្នោតជ្រុំ ក៏មានអ្នកចេះចារសាស្ត្រាស្លឹករឹត២ទៅ៣នាក់ដែរ ហើយសុទ្ធតែអ្នកធ្លាប់បួសរៀននៅវត្តដូចគ្នា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង