ភ្នំពេញ៖គណៈកម្មការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលកាលពីថ្ងៃ ១៧ កុម្ភៈ បានរកឃើញករណីបេក្ខជនបន្លំអត្តសញ្ញាណបណ្ណដើម្បីប្រឡងជំនួសបេក្ខជនដទៃក្នុងការប្រឡងថ្នាក់ជាតិ ជ្រើសរើសនិស្សិតចូលរៀនឆ្នាំមូលដ្ឋាន នៅក្នុងគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ចំនួន ៤ ករណី។
បើយោងទៅតាមសេចក្តីប្រកាសព័ត៌មាននៃគណកម្មាធិការប្រឡងថ្នាក់ជាតិ បានឱ្យដឹងថា កាលពីថ្ងៃ ១៧ កុម្ភៈ បានរកឃើញ៤ករណីពាក់ព័ន្ធនឹងការមានបេក្ខជនបន្លំអត្តសញ្ញាណបណ្ណដើម្បីប្រឡងជំនួសបេក្ខជនដទៃក្នុងការប្រឡងថ្នាក់ជាតិដើម្បីរៀនក្នុងវិស័យសុខាភិបាល។
បន្ថែមពីនេះ គណៈកម្មការប្រឡងថ្នាក់ជាតិ បានបន្តទៀតផងដែរថា នឹងមិនមានករណីលើកលែងចំពោះករណីទាំង៤នេះឡើយ រួមទាំងបុគ្គលដែលសមគំនិតដោយមិនមានការឥតឱននោះឡើយ។
ជាចុងក្រោយ គណៈកម្មាធិការប្រឡងថ្នាក់ជាតិ ក៏សូមធ្វើការអំពាវនាវទទូចជាថ្មីម្តងទៀតដល់ជនទាំងឡាយណាដែលកំពុងប្រព្រឹត្តអំពើខុសច្បាប់ក្នុងការប្រឡងនេះ សុំដកខ្លួនចេញពីការប្រឡងជាបន្ទាន់៕