ភ្នំពេញ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាកូនប្រុសពៅសម្តេច ហ៊ុន សែន បានចេញសារគាំទ្រចំពោះវិធានការរបស់រដ្ឋបាលខេត្តព្រះសីហនុលើជនជាតិចិនតៃវ៉ាន់ចំនួន២នាក់ដែលបានចូលមកកម្ពុជាផលិតវីដេអូ ប៉ះពាល់ដល់មុខមាត់ខេត្តព្រះសីហនុ។ការចេញសារគាំទ្រយ៉ាងនេះ ធ្វើឡើងក្រោយពីយុវជនជាជនជាតិចិនតៃវ៉ាន់ទាំង២នាក់ត្រូវបានតុលាការសម្រេចដាក់ទោសឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀលក្នុងម្នាក់។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោក ហ៊ុន ម៉ានី បានចាត់ទុកសកម្មភាពរបស់ជនជាតិចិនតៃវ៉ាន់២នាក់នេះជាការរៀបចំសេណារីយោថត ដែលមានចេតនាទុច្ចរិតសុទ្ធសាធ ក្នុងការមួលបង្កាច់នូវអ្វីដែលជាស្ថានភាពជាក់ស្តែងនៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព។ ទង្វើទាំងអស់នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស និងមុខមាត់របស់ព្រះរាជាណាចក្រកម្ពុជា ដែលមិនអាចអត់ឱនឱ្យបានឡើយ។
បើតាមលោក ហ៊ុន ម៉ានី លោកគាំទ្រដល់រាជរដ្ឋាភិបាល ចំពោះវិធានការម៉ឺងម៉ាត់ ក្នុងការបង្រ្កាបបទល្មើសទាំងអស់នេះ ដើម្បីជាសារព្រមាន ដោយមិនអនុញ្ញាតឱ្យមានអំពើទុច្ចរិតបែបនេះត្រូវបានប្រព្រឹត្ត នៅអនាគត មិនថាប្រព្រឹត្តដោយជនបរទេសពីប្រទេសណាមួយនោះទេ។
គួរបញ្ជាក់ថា តុលាការសាលាដំបូងខេត្តព្រះសីហនុនៅថ្ងៃទី ១៥ ខែកុម្ភៈ បានសម្រេចផ្ដន្ទាទោសបុរសជនជាតិចិនតៃវ៉ាន់ ២ នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ និងពិន័យប្រាក់ម្នាក់ ៤ លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម។
ជនត្រូវចោទ ចំនួន ២នាក់ ឈ្មោះ CHEN NENG CHUAN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) និងឈ្មោះ LU TSU HSIEN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) បានចូលមកប្រទេសកម្ពុជានៅថ្ងៃទី ១១ កុម្ភៈ ហើយបានដើរផលិតវីដេអូតាមតំបន់នានាក្នុងរាជធានីភ្នំពេញ និង ក្រុងព្រះសីហនុ ដើម្បីផ្សព្វផ្សាយតាមបណ្តាញសង្គម Facebook Tiktok Youbube និងបណ្តាញសង្គមជាច្រើនទៀត។
ការផលិតវីដេអូរបស់ជនជាតិចិនតៃវ៉ាន់នេះ គឺជាវីដេអូ ខ្មោចលងតាមសណ្ឋាគាចាស់ៗ កាស៊ីណូទុកចោល ហើយជាពិសេសនោះ គឺផលិតវីដេអូ ស្តីពីសកម្មភាពចាប់ជំរឹត និង បង្ខាំងមនុស្សដោយខុសច្បាប់ជាដើម។សកម្មភាពថតសម្តែងនេះ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុចាត់ទុកថា ជាការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប៉ះពាល់ដល់កិត្តិយសរបស់ខេត្តទាំងមូល៕