ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ នឹងរៀបចំវគ្គបណ្តុះបណ្តាល នៅថ្ងៃទី ២០ កុម្ភៈ ឆ្នាំ២០២៤ ស្តីពី “វិធីសាស្រ្តស្វែងរកការងារ” ដែលមិនមានការគិតថ្លៃពីយុវជនក្នុងការចូលរួមនោះឡើយ។
បើយោងទៅតាមតេលេក្រាមរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលស្តីពី វិធីសាស្រ្តស្វែងរកការងារ នឹងផ្តោតលើមូលដ្ឋានគ្រឹះសំខាន់ៗដូចជា វិធីសាស្រ្តស្វែងរកការងារ វិធីសាស្រ្តស្វែងរកប្រភពការងារ វិធីសាស្រ្តរៀបចំប្រវត្តិរូប វិធីសាស្រ្តសរសេរលិខិតអម/លិខិតស្នើសុំការងារ និង វិធីសាស្រ្តសម្ភាសការងារ មុនពេល កំឡុងពេល និងក្រោយពេលសម្ភាសការងារប្រកបដោយប្រសិទ្ធភាព។
ប្រសិនបើមានចំណាប់អារម្មណ៍ យុវជនទាំងអស់អាចចុះឈ្មោះចូលរៀនដោយឥគគិតថ្លៃឱ្យបានរួសរាន់ដោយសារចំនួនមានកំណត់ តាមរយៈការស្គែន QR ដែលមាននៅក្នុងរូបខាងលើ។
វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តឡើងនៅម៉ោង ៨ ព្រឹក ដល់ ម៉ោង ៤:៥០ រសៀល នៅអគារ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលស្ថិតក្នុងបរិវេណក្រសួងការងារ ដែលមានទីតាំងស្ថិតនៅមហាវិថីសហព័ន្ធរុស្សុី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
គួរបញ្ជាក់ផងដែរថា សម្រាប់យុវជន សិស្សនិស្សិត ដែលមានបំណងចង់ចូលរៀនដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស សូមចុះឈ្មោះចូលរៀនតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕