ប៉ារីស៖ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលែនស្គី កំពុងធ្វើដំណើរទៅទីក្រុងប៊ែរឡាំង និងប៉ារីសនៅថ្ងៃសុក្រ១៦ កុម្ភៈនេះដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz និងប្រធានាធិបតីបារាំង Emmanuel Macron។ ដំណើរទស្សនកិច្ចរបស់លោក ហ្សេលែនស្គី ទៅកាន់ប្រទេសដ៏ធំបំផុតចំនួនពីររបស់សហភាពអឺរ៉ុបបានកើតឡើងខណៈពេលដែលការឈ្លានពានរបស់ក្រុងម៉ូស្គូលើអ៊ុយក្រែនឈានចូលដល់ឆ្នាំទីបី។ កងទ័ពរបស់អ៊ុយក្រែនកំពុងតែ ប្រឈមមុខនឹងស្ថានភាពលំបាកកាន់តែខ្លាំងឡើងនៅជួរមុខភាគខាងកើត ដោយសារតែកង្វះគ្រាប់រំសេវ និងការវាយប្រហារថ្មីៗរបស់រុស្ស៊ី។
រដ្ឋាភិបាលអាល្លឺម៉ង់បានឲ្យដឹងថាលោក ហ្សេលែនស្គី និងលោក Scholz នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីនៅថ្ងៃសុក្រនេះដែលគ្របដណ្តប់លើ "ការប្តេជ្ញាចិត្ត និងការគាំទ្រផ្នែកសន្តិសុខរយៈពេលវែងរបស់អ៊ុយក្រែន"។
ដោយឡែកការិយាល័យប្រធានាធិបតីបារាំងបាននិយាយថាលោក Macron និង ហ្សេលែនស្គី គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខនៅវិមាន Elysee នៅល្ងាចថ្ងៃសុក្រ ហើយ"កិច្ចព្រមព្រៀងនេះធ្វើតាមការប្តេជ្ញាចិត្តដែលបានធ្វើឡើងក្នុងទម្រង់ G7 នៅក្រៅកិច្ចប្រជុំកំពូលរបស់ណាតូនៅទីក្រុង Vilnius ក្នុងខែកក្កដាកាលពីឆ្នាំ ២០២៣"។ នៅពេលនោះ មេដឹកនាំណាតូមិនបានកំណត់ពេលវេលាសម្រាប់អ៊ុយក្រែនដើម្បីចូលរួមជាក្រុមជាមួយណាតូទេ ក៏ប៉ុន្តែបណ្តាប្រទេស G7 បានសន្យាថានឹងផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រផ្នែកសន្តិសុខរយៈពេលវែង៕