ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា កាលពីទី១០ មករា សហការជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ ក្រុមហ៊ុនមួយ ស្ថិតនៅ ក្រុងព្រះសីហនុ ដោយចាប់បានរថយន្តបំពាក់ឧបករណ៍ Fake BTS ៥គ្រឿង ឧបករណ៍ Fake BTS ១៩គ្រឿង ឧបករណ៍កាត់ផ្តាច់សេវា (Jammer) ៣គ្រឿង និងគ្រឿងបង្គុំផ្សេងៗទៀត ព្រមទាំងឃាត់ខ្លួនអ្នកពាក់ព័ន្ធ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
យោងតាមសេចក្តីជូនដំណឹង បានគូសបញ្ជាក់ថា និយ័តករទូរគមនាគមន៍កម្ពុជា រកឃើញថាការផ្ញើសារផ្សព្វផ្សាយល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀតទៅកាន់ទូរសព្ទ បានធ្វើឡើងតាមរយៈការប្រើឧបករណ៍បញ្ជូនទទួលក្លែងក្លាយ (Fake Base Transceiver Station - Fake BTS) ដែលបានបង្កការរំខានដល់អ្នកប្រើប្រាស់ និងមានផលប៉ះពាល់ដល់គុណភាពសវា ឯកជនភាព និងសុវត្ថិភាពទិន្នន័យ ព្រមទាំងសណ្តាប់ធ្នាប់សង្គម និងសន្តិសុខជាតិ។
បើតាមប្រភពដដែល ពន្យល់ថា ឧបករណ៍ Fake BTS ស្កេនរកលេខអត្តសញ្ញាណរបស់ទូរសព្ទចល័ត ហើយបន្ទាប់មក ផ្តាច់សេវារបស់អ្នកប្រើប្រាស់ពីប្រព័ន្ធរបស់ប្រតិបត្តិករទូរសព្ទចល័ត ដោយបញ្ឆោតឱ្យទូរសព្ទចល័តភ្ជាប់ទៅកាន់ឧបករណ៍ Fake BTS រួចទើបឧបករណ៍នេះបញ្ជូនសារខ្លីទៅកាន់ទូរសព្ទចល័ត ដោយពុំឆ្លងកាត់ បណ្ដាញរបស់ប្រតិបត្តិករទូរសព្ទចល័តនោះឡើយ។
ដើម្បីទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ Fake BTS ក្រសួងប្រៃសណីយ៍ អំពាវនាវដល់ក្រុមហ៊ុននាំចូលនិងផ្គត់ផ្គង់គ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍៖ មិនត្រូវនាំចូល ឬផ្គត់ផ្គង់ឧបករណ៍ Fake BTS ដោយគ្មានការអនុញ្ញាតពីនិយ័តករទូរគមនាគមន៍កម្ពុជា។ ជាមួយគ្នានោះ សាធារណជន ត្រូវជៀសវាងការកាន់កាប់ ដំឡើង ឬប្រើប្រាស់ឧបករណ៍ Fake BTS ជាពិសេស គឺមិនត្រូវបើកមើល ឬឆ្លើយតបសារខ្លី (SMS) ឬសារតាមប្រព័ន្ធតេឡេក្រាម ឬបណ្តាញសង្គមផ្សេងៗអំពី ល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត និង មិនត្រូវចុចលើតំណភ្ជាប់ (Link) ដែលគ្មានប្រភព ច្បាស់លាស់ ជៀសវាងទទួលរងការលួចចូល (Hack) យកទិន្នន័យពីជនទុច្ចរិត៕