681 ezgif.com resize
Moneygramott moi1280x163px

កម្ពុជា-ថៃឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

បាងកក៖នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និង ថៃ នៅថ្ងៃទី ៧ កុម្ភៈនេះ បានប្រកាសរួមគ្នាតំឡើងកម្រិតទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរពី“ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និង វិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”។ការប្រកាសរួមគ្នានេះ ធ្វើឡើងក្នុងពេលសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្វើដំណើរបំពេញទស្សនកិច្ចរយៈពេញមួយថ្ងៃនៅប្រទេសថៃនៅថ្ងៃនេះ។

ក្នុងកិច្ចប្រជុំពិភាក្សាការងារទ្វេភាគីនៅថ្ងៃនេះ មេដឹកនាំកម្ពុជា និង ថៃ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និង បានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និងវិស័យថាមពល។

ទាក់ទងនឹងវិស័យទំនាក់ទំនងនយោបាយ និងការទូត កម្ពុជា និង ថៃ បានឯកភាពលើការតំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និង ប្រជាជននៃប្រទេសទាំងពីរ។

ក្រៅពីប្រកាសតំឡើងកម្រិតទំនាក់ទំនង សមភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចការក្នុងតំបន់ និង សកល ដោយបានបង្ហាញនូវការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ និង ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងការកសាងព្រំដែនប្រទេសទាំងពីរទៅជាព្រំដែនសន្ដិភាព និង វិបុលភាព។

គួរបញ្ជាក់ថា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៧ កុម្ភៈនេះ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ។ជាដំណើរបំពេញទស្សនកិច្ច ធ្វើឡើងតបតាមការអញ្ជើញរបស់លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ។លោក សេដ្ឋា ថាវីស៊ីន បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ សម្តេច ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ ហើយបានធ្វើការគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចនេះជួយឱ្យទំនាក់ទំនងទ្វេភាគី កម្ពុជា-ថៃ នឹងកាន់តែរីកចម្រើនរឹងមាំ៕


Khcct banner

អត្ថបទទាក់ទង