ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ជាមួយក្រុមហ៊ុន KESS Innovation ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងស្រុកមួយ ដើម្បីផ្តល់ដំណោះស្រាយទៅលើសេវាកម្មទូទាត់ឌីជីថលទៅកាន់អតិថិជន។ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រនេះ អតិថិជនដែលប្រើប្រាស់នូវសេវាកម្មរបស់ អង្គភាពច្រកចេញចូលតែមួយ គ្រប់ទីតាំងទូទាំងប្រទេសអាចធ្វើការបង់ប្រាក់យ៉ាងស្រួល និងឆាប់រហ័សជាមួយនឹងកម្មវិធី Canadia Bank App និង KHQR។
ដៃគូយុទ្ធសាស្ត្រនេះភាពជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់នេះ បង្កើតឡើងក្នុងគោលបំណងពង្រឹងបទពិសោធន៍អតិថជន ដើម្បីបង្កើនភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់ក្នុងការទូទាត់តាមឌីជីថល និងជាផ្នែកមួយនៃការការគាំទ្រយ៉ាងពេញទំហឹងទៅលើបេសកកម្មរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់បរិវត្តកម្មឌីជីថល និងបរិយាបន្នហិរញ្ញវត្ថុ។ លោកអ្នកអាចប្រើប្រាស់សេវាកម្មទូទាត់ឌីជីថលទៅលើការបង់កម្រៃសេវាសាធារណៈទៅលើម៉ាស៊ីនស្វ័យសេវា (Kiosk Machine) ដែលស្ថិតនៅគ្រប់ទីតាំងរបស់អង្គភាពច្រកចេញចូលតែមួយ។ ក្រៅពីសេវាសាធារណៈ អតិថិជនក៏អាចប្រើប្រាស់កម្មវីធី Canadia Bank App និង KHQR ដើម្បីទូទាត់សម្រាប់សេវាកម្មផ្សេងៗទៀតលើម៉ាស៊ីន Kiosk សម្រាប់ការទិញគ្រឿងទេស អាហារ និងភេសជ្ជៈ ផលិតផលទារក សំលៀកបំពាក់ និងទំនិញនានានៅតាមហាងដៃគូផងដែរ។
ដើម្បីប្រើប្រាស់សេវាកម្មនេះ អតិថិជនអាចស្វែងរកម៉ាស៊ីន Kiosk ដែលមាននៅទីតាំងនៅគ្រប់ អង្គភាពច្រកចេញចូលតែមួយ ដោយធ្វើការស្គេន QR កូដពីបង្កាន់ដៃទទួលពាក្យ រួចសូមជ្រើសរើសការទូទាត់កម្រៃសេវាសាធារណៈតាមរយៈធនាគារ កាណាឌីយ៉ា ដោយលោកអ្នកអាចប្រើប្រាស់កម្មវិធី Canadia Bank App ដើម្បីស្គេនបង់ប្រាក់ជាការស្រេច។ ជាមួយនឹងប៉ុន្មានជំហានយ៉ាងស្រួលនេះ លោកអ្នកនឹងទទួលបានវិក្កយបត្រភ្លាមៗបន្ទាប់ពីបង់ប្រាក់កម្រៃសេវារួច។
លោក Raymond Sia នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលនៃធនាគារ កាណាឌីយ៉ា មានប្រសាសន៍ថា កិច្ចប្រតិបត្តិការយុទ្ធសាស្ត្រនេះ គឺជាផ្នែកមួយនៃគោលដៅរួមរបស់ធនាគារ ក្នុងការស្វែងរកដំណោះស្រាយហិរញ្ញវត្ថុដើម្បីពង្រឹងនូវបទពិសោធន៍របស់អតិថិជន ក៏ដូចជាចូលរួមចំណែកក្នុងការគាំទ្ររាជរដ្ឋាភិបាលទៅលើបរិវត្តកម្មឌីជីថល។
លោកមានប្រសាសន៍ថា៖ “យើងខ្ញុំមានសេចក្តីសោមន្សជាខ្លាំងក្នុងការសហការជាមួយនឹង KESS Innovation ដើម្បីនាំមកនូវវិធីកាន់តែទំនើបសម្រាប់អតិថិជនទៅលើការបង់កម្រៃសេវាសាធារណៈ។ តាមរយៈការរួមបញ្ចូលបទពិសោធន៍បច្ចេកទេសហិរញ្ញវត្ថុរបស់ធនាគារ ជាមួយនឹងការច្នៃប្រឌិតបច្ចេកវិទ្យារបស់ក្រុមហ៊ុន កិច្ចសហប្រតិបត្តិការនេះបានបញ្ជាក់ឃើញយ៉ាងច្បាស់អំពីការខិតខំប្រឹងប្រែងទៅលើការផ្តល់នូវអតិថិជនរបស់យើងខ្ញុំជាមួយនឹងសេវាកម្មធនាគារដ៏ល្អប្រសើរ ដើម្បីសម្រួលដំណើរការទូទាត់របស់ពួកគាត់ឱ្យកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាព។ យើងខ្ញុំជឿជាក់យ៉ាងច្បាស់ថា សេវាកម្មនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ទៅកាន់អតិថិជននោះទេ ដោយសេវាកម្មនេះនឹងចូលរួមចំណែកទៅលើការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថល និងបរិយាបន្នហិរញ្ញវត្ថុរបស់ប្រទេសទាំងមូល។”
ជាមួយគ្នានោះដែរ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន KESS Innovation លោក ប៉េះ គឹមស្រ៊ាន ក៏មានសេចក្តីរីករាយជាមួយនឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនេះផងដែរ។ លោកមានប្រសាសន៍ថា “ចក្ខុវិស័យរបស់យើងខ្ញុំ គឺផ្តោតសំខាន់ទៅលើការពង្រីកភាពជាដៃគូរវាងធនាគារ កាណាឌីយ៉ា និង KESS Innovation ដើម្បីផ្តល់សេវាកម្មទូទាត់តាមរយៈ Dynamic QR កូដសម្រាប់វិស័យសាធារណៈ ជាពិសេសសេវាកម្មអនឡាញសម្រាប់ក្រសួង និងអង្គភាពរដ្ឋាភិបាលមួយចំនួនផងដែរ។”
អំពីធនាគារ កាណាឌីយ៉ា
ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ឧត្តមភាពពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ ក៏ដូចជាឈ្នះពានរង្វាន់ពីថ្នាក់តំបន់ និងអន្តរជាតិជាច្រើនក្នុងឆ្នាំ២០២៣ដូចជា “ធនាគារក្នុងស្រុកឆ្នើមបំផុត” ពីស្ថាប័ន International Finance “ធនាគារឆ្នើមបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម” ពីស្ថាប័ន The Digital Banker “ធនាគារឆ្នើមបំផុតសម្រាប់សាជីវកម្ម” ពីស្ថាប័ន Asiamoney “ធនាគារឆ្នើមបំផុតសម្រាប់រូបវន្តបុគ្គល” ពីស្ថាប័ន The Asian Banker ក៏ដូចជារង្វាន់ ពានរង្វាន់ឧត្តមភាពបច្ចេកវិទ្យាកម្ពុជា សម្រាប់ធនាគារឌីជីថល ពីស្ថាប័ន Asian Business Review។
គិតត្រឹមឆ្នាំ២០២៣ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៨ ទូទាំង២៥ខេត្តក្រុង ព្រមទាំងឧបករណ៍ឌីជីថលនិងធនាគារស្វ័យប្រវត្តិ ជាង៥០០កន្លែង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០២៣ ៨៦៨ ២២២ ឬចូលទៅកាន់គេហទំព័រ: www.canadiabank.com.kh
អំពីក្រុមហ៊ុន KESS Innovation Plc.
ក្រុមហ៊ុន KESS Innovation Plc ត្រូវបានបង្កើតឡើងដោយសហគ្រិនមួយក្រុម និងជាក្រុមហ៊ុនដែលកាន់កាប់ 100% ដោយជនកម្ពុជា ដែលមានគោលបំណងជួយឲ្យអាជីវកម្មនានា រីកចម្រើន។ សហស្ថាបនិក បេ្តជ្ញាចិត្តបង្កើតប្រព័ន្ធទូទាត់មួយ ដែលមានសមត្ថភាព ក្នុងការឆ្លើយតបនឹងតម្រូវការ ដែលវិវត្តយ៉ាងរហ័សរបស់អាជីវកម្មសកល ដែលរីកចម្រើនយ៉ាងលឿន។