សៀមរៀប៖ ពិធី«ឡើងមាឃ» ជាពិធី ឡើងអ្នកតា ដែលអ្នកស្រុកអង្គរតែងតែរួមគ្នាប្រារព្ធពិធីឡើងមាឃ ឬពិធីឡើងអ្នកតា ដើម្បីសុំសេចក្តីតាមជំនឿរៀងៗខ្លួន នៅតាមភូមិ តាមតំបន់ខ្លួនដែលរស់នៅមិនដែលខកខានរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប។
បើតាមអាជ្ញាធរជាតិអប្សរា បានឱ្យដឹង នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា អ្នកស្រុកអង្គរតែងប្រារពពិធី«ឡើងមាឃ» ជាពិធី ឡើងអ្នកតា ដែលអ្នកស្រុកអង្គរតែងតែធ្វើនៅក្នុងខែមាឃ ជាពិសេស ថ្ងៃ៣កើត ខែមាឃ ទោះបីបច្ចុប្បន្ននេះ ស្រុកទេសមានការរីកចម្រើនក៏ដោយ ក៏អ្នកស្រុកអង្គរនៅតែបន្តថែរក្សាប្រពៃណី និងទំនៀមទម្លាប់បែបបុរាណបានយ៉ាងខ្ជាប់ខ្ជួន ដោយនាំគ្នាធ្វើពិធីឡើងមាឃឬឡើងអ្នកតា នៅតាមខ្ទមអ្នកតា ឬសាលាឆាន់ក្នុងភូមិរបស់ពួកគេ។
ខែមាឃ ជាខែដែលប្រមូលផលស្រូវបានរួចរាល់ទាំងស្រុងនៃការបិទបញ្ចប់ វដ្ដស្រូវនៃឆ្នាំនោះ។ ជាទូទៅ ប្រជាពលរដ្ឋជាច្រើននៅតំបន់អង្គរ ដូចជា ភូមិរលួស និងភូមិដូននំ របស់ឃុំបាគង, ភូមិគីរីមានន្ទ និងភូមិត្នោត របស់ឃុំអំពិលនៃស្រុកប្រាសាទបាគង, ភូមិនគរក្រៅ ភូមិគោកត្នោត គោកបេង របស់សង្កាត់គោកចក, ភូមិក្រវ៉ាន់ របស់សង្កាត់នគរធំ, ភូមិក្រសាំងរលើង របស់សង្កាត់សៀមរាប, ភូមិភ្នំក្រោម របស់សង្កាត់ចុងឃ្នៀស នៃក្រុងសៀមរាប, ភូមិប្រដាក់ ភូមិថ្នល់ត្រង់ របស់ឃុំព្រះដាក់, ភូមិសាលាក្រវ៉ាន់ របស់ឃុំរំចេក, ភូមិស្រែចង្ហូត របស់ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី, ភូមិដូនឪ ភូមិតាប្រុក និងភូមិលាងដៃ របស់ឃុំលាងដៃ នៃស្រុកនគរធំជាដើម តែងធ្វើពិធីឡើងមាឃនៅខ្ទមអ្នកតាតែមួយល្ងាចប៉ុណ្ណោះ។ ចំណែកឯភូមិខ្លះទៀត ធ្វើរយៈពេលមួយយប់មួយថ្ងៃក៏មាន។
ឆ្នាំនេះ នៅក្នុងភូមិបង្កោង នឹងរៀបចំពិធី«ឡើងមាឃ» នៅថ្ងៃអាទិត្យ ២កើត ខែមាឃ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយធ្វើពិធីចាប់ត្រីសម្រាប់ធ្វើម្ហូបថ្ងៃឡើងមាឃ នៅត្រពាំងបឹង វេលាម៉ោង៦ព្រឹក ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
គួរបញ្ជាក់ថា ពិធីឡើងមាឃ ឬពិធីឡើងអ្នកតា អ្នកស្រុកអង្គរធ្វើឡើង ក្រោយពេលបញ្ចប់រដូវច្រូតកាត់ និងត្រៀមរដូវកាលធ្វើស្រែចម្ការក្នុងឆ្នាំថ្មី ដើម្បីសុំសេចក្តីសុខដល់ភូមិឋានទាំងមូល នឹងការធ្វើស្រែចម្ការទទួលបានទិន្នផលខ្ពស់ និងចៀសផុតពីជំងឺចង្រៃផ្សេងៗផងដែរ៕