681 ezgif.com resize
Moneygramott moi1280x163px

សម្ដេច ហ៊ុន ម៉ាណែត នឹងទៅ«ទស្សនកិច្ច»ផ្លូវការនៅថៃ តាមការអញ្ជើញពីលោក សេដ្ឋា ថាវីស៊ីន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះគឺជាទស្សនកិច្ចជាផ្លូវការទៅប្រទេសថៃ ដំបូងរបស់សម្តេច ហ៊ុន ម៉ាណែត ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជា។ គម្រោងទៅបំពេញទស្សនិច្ចនៅថៃ នាពេលខាងមុខនេះ ធ្វើឡើងតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន។

បើគ្មានអ្វីប្រែប្រួលនោះទេ សម្តេច ហ៊ុន ម៉ាណែត នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ទស្សនកិច្ចជាផ្លូវការទៅប្រទេសថៃ ដំបូងរបស់សម្តេច ហ៊ុន ម៉ាណែត នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

នាឱកាសនោះ ប្រមុខថ្នាក់ដឹកនាំកម្ពុជា-ថៃ នឹងជួបពិភាក្សាការងារលើកិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីមួយចំនួន។ ដោយឡែក សម្តេច ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងសុន្ទរកថាបើកនៅក្នុង វេទិកាធុរកិច្ចកម្ពុជា-ថៃ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្ដេច ហ៊ុន ម៉ាណែត នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រថៃ នៅព្រះបរមរាជវាំង។ សម្តេចធិបតី នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ ដោយឡែកជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរួម ប្រធានព្រឹទ្ធសភា និង ប្រធានរដ្ឋសភា។

សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់ប្រទេសថៃ នាពេលខាងមុខ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្ដល់ផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕


Khcct banner

អត្ថបទទាក់ទង