ភ្នំពេញ៖ កម្ពុជា-ថៃ បានប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់ផ្សែងអ័ព្ទ និងការបំពុលទៅក្នុងបរិយាកាស ដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ចាក់កាពុង សុងម៉ានី អនុរដ្ឋមន្រ្តីក្រសួងការបរទេសថៃ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី ០២ កុម្ភៈ ឆ្នាំ២០២៤។
នៅក្នុងជំនួបនេះ លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសថៃបាន ជម្រាបជូនលោមរដ្ឋមន្រ្តី អ៊ាង សុផល្លែត អំពីបញ្ហាផ្សែងអ័ព្ទ ដែលតែងកើតឡើងជារៀងរាល់ឆ្នាំ ហើយបានបង្កផលប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ចំពោះបញ្ហានេះថៃ ចាំបាច់ត្រូវការការរួមចំណែក ពីកម្ពុជា ដើម្បីឆ្លើយតបនឹងបញ្ហាតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបង្កើតឱ្យមាន ក្រុមការងារ ឧបករណ៍បច្ចេកទេស សម្រាប់ត្រួតពិនិត្យ និងដោះស្រាយលើបញ្ហានេះ ព្រមទាំងបង្កើតជាប្រព័ន្ធHot-Lineពិសេស រវាងថៃនិងកម្ពុជា។
លោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះលោកអនុរដ្ឋមន្រ្តីថៃ ដែលបានយកចិត្តទុកដាក់ខ្លាំង ចំពោះបរិស្ថានក្នុងតំបន់។ លោករដ្ឋមន្រ្តី បានថ្លែងថា ជាការពិតបរិស្ថានមិនមានដែនកំណត់ ដូចព្រំប្រទល់ នៃប្រទេសនីមួយៗនោះទេ ហើយការណ៍នេះ យើងចាំបាច់ត្រូវរួមគ្នាទប់ស្កាត់ និងសម្អាតប្រទេសយើង ឱ្យស្អាតដូចដែលយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣- ២០២៨របស់កម្ពុជា បានដាក់ចេញ ហើយដែលក្រសួងបរិស្ថានបានកំពុង អនុវត្តលើគោលដៅអាទិភាព៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។
លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការឆ្លើយតបនឹងការបំពុល ទាំងនៅលើគោក លើអាកាស និងនៅក្នុងទឹក ទើបក្នុងរយៈពេលជាង១០០ថ្ងៃកន្លងមកនេះ ឯកឧត្តមបានដាក់ចេញ នូវយុទ្ធនាការ ផ្ទៃមេឃពណ៌ខៀវ (blue sky campaign) ដែលស្រដៀងនឹងកម្មវិធី Clear Sky របស់ប្រទេសថៃ។
លោករដ្ឋមន្រ្តីកម្ពុជា និងអនុរដ្ឋមន្ត្រីថៃបានប្តេជ្ញាចិត្តរួមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ល្អ ទៅវិញទៅមក ឆ្លើយតបនឹងទប់ស្កាត់ផ្សែងអ័ព្ទ ការបំពុលដោយសំណល់ និងប្លាស្ទិក នៅក្នុងបរិយាកាស ដើម្បីជំរុញឱ្យប្រទេសជាមិត្ត ក្នុងតំបន់អាស៊ានមានភាពស្អាត គឺស្អាតទាំងបរិយាកាស ជុំវិញ ស្អាតចិត្ត និងស្អាតទាំងសុខភាព៕