ភ្នំពេញ៖ ក្រសួងអប់រំបានប្រកាសពីកម្មវិធីអាហារូបករណ៍ Fulbright ដែលជាឱកាសល្អសម្រាប់បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅសហរដ្ឋអាមេរិកដែលទទួលពាក្យរហូតដល់ថ្ងៃទី ០៤ ឧសភា ឆ្នាំ២០២៤។
បើតាមគេហទំព័រផ្លូវការនៃអាហារូបករណ៍បានឱ្យដឹងថា អាហារូបករណ៍នេះនឹងធ្វើការគ្របដណ្ដប់ទៅលើថ្លៃធ្វើដំណើរទៅវិញទៅមកពីមាតុប្រទេសរបស់សិស្សនិងសហរដ្ឋអាម៉េរិក ថ្លៃសិក្សា ចំណាយនៃការរស់នៅប្រចាំថ្ងៃកំពុងពេលសិក្សាផងដែរ។
អាហារូបករណ៍ត្រូវបានបើកទទួលពាក្យសិស្សនិស្សិតកម្ពុជាជារៀងរាល់ឆ្នាំដោយធ្វើការជ្រើសរើសសិស្សដែលមានការសិក្សាមានកម្រិតល្អដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររួចរាល់ ថែមទាំងមានការប្រើប្រាស់ភាសាអង់គ្លេសបានប្រសើរ ដោយមានពិន្ទុ TOEFL តិចបំផុត ៥៧០ ពិន្ទុ ។ ជាពិសេស សិស្សត្រូវមានការត្រៀមលក្ខណៈក្នុងការសិក្សានៅក្រៅប្រទេសមួយដែលខ្លួនអាចសម្របខ្លួនបាន និងមិនធ្លាប់រស់នៅសហរដ្ឋអាមេរិកកន្លងមក។
សម្រាប់សិស្សដែលមិនធ្លាប់មានការប្រឡង TOEFL កន្លងមកតម្រូវឱ្យធ្វើការប្រឡងធ្វើតេស្តឱ្យបានមុនពេលផុតកំណត់នៃការដាក់ពាក្យ ដោយសារតែដើម្បីអាចដាក់អាហារូបករណ៍នេះបានសិស្សត្រូវមានឯកសារមួយចំនួនរួចជាស្រេចដូចជា ការធ្វើតេស្តភាសាអង់គ្លេស ប្រតិបត្តិពិន្ទុ វិញ្ញាប័នបត្រដែលបញ្ជាក់ពីការបញ្ចប់ការសិក្សា និងការបំពេញទម្រង់បែបបទនៃការដាក់ពាក្យផងដែរ។
គួរបញ្ជាក់ផងដែរថាសម្រាប់ការដាក់ពាក្យ និងការប្រគល់ឯកសារត្រូវបានធ្វើឡើងតាមរយៈអនឡាញដែលសិស្សអាចចូលមើលព័ត៌មានលម្អិតនៅក្នុងគេហទំព័ររបស់ស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា kh.usembassy.gov ៕