ភ្នំពេញ៖ គម្ពីរ (KOOMPI) ជាកុំព្យូទ័រផលិតដោយកូនខ្មែរដំបូងបង្អស់ ដែលសម្ពោធជាផ្លូវការ នៅខែតុលា ឆ្នាំ២០១៨កន្លងទៅ។ លោក ធុល រិទ្ធី សហស្ថានិក KOOMPI បានអះអាងថា ការបោះជំហានដ៏ធំ តាមរយៈការបង្កើតកុំព្យូទ័រផ្ទាល់ខ្លួននេះ នឹងជួយជម្រុញគុណភាពការសិក្សាស្រាវជ្រាវឯកសារផ្សេងៗ និងការរៀនសរសេរកូដ ដល់សិស្សានុសិស្ស និងនិស្សិត យុវជនគ្រប់រូបជំនាន់ក្រោយ។
លោក ធុល រិទ្ធី ប្រាប់ពីចាប់ផ្ដើមជាគំនិតដំបូងនៃដំណើរការ KOOMPI នៅខែសីហា ឆ្នាំ២០១២។ហើយធ្វើដំណើរការតិចៗ ដោយសារមិនទាន់មានពេលគ្រប់គ្រាន់ រហូតដល់ខែកុម្ភៈឆ្នាំ២០១៧ ទើបក្រុមការងារដាក់ផែនការដើមទុនទៅក្នុងគម្រោង KOOMPI ពេញលេញ និងមានដើមទុនគ្រប់គ្រាន់ក្នុងដំណើរការនេះ។ចំណុចដំបូងដែលចង់ធ្វើកុំព្យូទ័រ KOOMPI ឡើង គឺដោយសារចង់ឱ្យសិស្សនិស្សិតនៅជំនាន់ក្រោយ បានប្រើប្រាស់កុំព្យូទ័រប្រព័ន្ធបើកទូលាយ(Open Sources)ដែលមានប្រយោជន៍ច្រើនសម្រាប់ការសិក្សាស្រាវជ្រាវទៅលើផ្នែកប្រព័ន្ធបច្ចេកវិទ្យា។
ជាមួយគ្នានេះដែរ គោលដៅរបស់ក្រុមការងាររបស់លោកសង្ឃឹមថា តាមរយៈនេះ អ្នកប្រើប្រាស់កុំព្យូទ័រ KOOMPI ក៏ដូចជាសិស្សនិស្សិត អ្នកធ្វើការនានា មួយចំនួននឹងអ្នកក្លាយជា អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្រ្តច្នៃប្រឌិត វិស្វករ និងជំនាញផ្សេងៗទៀត ដើម្បីលើកស្ទួយសេដ្ឋកិច្ចរបស់ខ្លួនផ្ទាល់ គ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល។
សហស្ថានិក KOOMPI បញ្ជាក់ថា «លក្ខណៈពិសេស KOOMPI ក៏ផ្ដល់អត្ថប្រយោជន៍ដូចកុំព្យូទ័រនានាដែរ ក៏ប៉ុន្ដែ KOOMPI អាចឱ្យអ្នកប្រើប្រាស់អាចពិសោធន៍ និងអនុវត្តន៍ជាមួយប្រព័ន្ធសរសេរកម្មវិធីនានា និងកូដផងបានយ៉ាងល្អ ដែលអាចនិយាយថា អ្នកសរសេរកម្មវិធី ជាមួយប្រព័ន្ធបើកទូលាយ(Open Sources) ដោយមិនចាំបាច់ខ្វល់ខ្វាយពីមេរោគចូលឡើយ រួមទាំងកម្មវិធីមួយចំនួនអាចដំឡើងដោយស្វ័យប្រវត្តិតែម្ដង។ KOOMPI នឹងធ្វើបណ្ដាសិស្សានុសិស្ស និងនិស្សិតនានា ទទួលបានអត្ថប្រយោជន៍ច្រើនជាងគេ ក្រោយពីបានប្រើប្រាស់រួច ពេលនោះអ្នកប្រើប្រាស់នឹងដឹងពីលក្ខណៈពិសេសនៃ កុំព្យូទ័រ KOOMPI ដោយខ្លួនឯង»។
លោក រិទ្ធី បន្ថែម៖ « តាមពិតទៅ KOOMPI ជាមិនមែនត្រឹមជាក្រុមហ៊ុនលក់ឧបករណ៍កុំព្យូទ័រប៉ុណ្ណោះទេ តែក៏ជាក្រុមហ៊ុនបង្កើតសហគមន៍ថ្មីមួយនៅស្រុកក្នុងតំបន់ដែលចេះជួយគ្នា KOOMPI ជួយសម្រួលដល់ការស្រាវជ្រាវរបស់បណ្ដុះអ្នកស្រាវជ្រាវ ហើយប្រហែល១៨០០នាក់ដែលបានដាក់សំណួរសួរក្នុង KOOMPI Community ដែលអាចជួយដោះស្រាយបញ្ហាចោទនានាពាក់ព័ន្ធនឹងបច្ចេកទេសផ្សេងៗ នៃ KOOMPI ដែលធ្វើឱ្យមានអ្នកគាំទ្រពេញចិត្តនូវប្រព័ន្ធបើកទូលាយ(Open Source)នេះ នៅពេលប្រើប្រាស់ដោយភាពកក់ក្ដៅ »។
លើសពីនេះ លោក និងក្រុមការងារ KOOMPI ចង់ឃើញអ្នកប្រើប្រាស់ ហ៊ានស្រាវជ្រាវនូវអ្វីៗដែលថ្មីៗ និងអ្វីៗដែលខ្លួនមិនដែលធ្លាប់ជួបពីមុន ហើយ KOOMPI បើកទូលាយឱ្យប្រើប្រាស់ ដ៏មានឥទ្ធិពលអាចស្រាវជ្រាវ ការតម្លើងកម្មវិធីនានាទាក់ទងនឹងប្រព័ន្ធបើកទូលាយ វាងាយស្រួលបំផុតនៅថ្ងៃក្រោយ និងលើកទឹកចិត្តអ្នកប្រើប្រាស់ទាំងអស់ឱ្យហ៊ានសិក្សាផ្នែកប្រព័ន្ធបច្ចេកវិទ្យា វានឹងទទួលអត្ថប្រយោជន៍នាថ្ងៃអនាគតជាពិសេសសិស្សានុសិស្សថ្នាក់វិទ្យាល័យ និងមហាវិទ្យាល័យ។
សូមបញ្ជាក់ថា KOOMPI ម៉ូឌែលជំនាន់ដំបូង KOOMPI E13 មានពីរពណ៌ គឺប្រផេះស្លេក(Space Gray) និងកុលាបមាស(Rose Gold) ដែលតម្លៃស្ដង់ដាគឺ ៣៦៩ដុល្លារអាមេរិក($369)។ ហើយថ្មីៗនេះ KOOMPI បានចេញម៉ូដកុំព្យូទ័ររបស់ខ្លួនគឺ KOOMPI E11 ក្នុងតម្លៃទាបជាង១៥០ដុល្លារអាមេរិកនៃតម្លៃកក់ ហើយបានដាក់នឹងមានលក់លើទីផ្សារកម្ពុជា នៅក្នុងខែសីហា ឆ្នាំ២០២០នេះតទៅហើយ។
យ៉ាងណាមិញ បញ្ហាដែលលោក រិទ្ធី បានជួបប្រទះ គឺមានខាងហិរញ្ញវត្ថុ និងធនធានមនុស្ស។ ហើយ ដំណោះស្រាយ គឺលោក និងក្រុមការងារសហការត្រូវទាមទារឱ្យពេលវេលា និងព្យាយាមរកបញ្ហាទាំងនោះតើជាអ្វីប្រាកដ ហើយដោះស្រាយម្ដងមួយជំហានៗ ដោយជួបបញ្ហាអ្វី ដោះស្រាយបញ្ហានោះ។
លោក ធុល រិទ្ធី ប្រាប់ដល់ស៊ីស៊ីថាមស៍ថា « KOOMPI បានចូលរួមការងារសង្គមបានច្រើន ដោយបានផ្ដល់ជាការគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរជាថវិកាចំនួន $៥០០០ និងកុំព្យូទ័រ ចំនួន១០គ្រឿងស្មើនឹង $២០០០។ KOOMPI បានចូលរួមបានច្រើន តែទោះជាមិនសូវចេញមុខក៏ដោយ តែ KOOMPI បានបរិច្ចាគដល់សិស្សពូកែនិទ្ទេសA និងគ្រូបង្រៀនសម្រាប់សម្រួលការសិក្សាប្រចាំថ្ងៃ។ KOOMPI បានត្រៀមជិត ២០ម៉ឺនដុល្លារ រយៈពេល០២ឆ្នាំ ដល់អតិថិជនជាសិស្សានុសិស្សនានា ដោយបង់រំលួសក្នុងតម្លៃទាបសមរម្យប្រចាំខែ ដើម្បីប្រើប្រាស់បានគ្រប់គ្នា ទោះបីមិនទាន់មានថវិកាគ្រប់គ្រាន់ និងបានផ្ដល់ជាការខ្ចីឧបករណ៍ដល់គ្រឹះស្ថានអប់រំមួយចំនួន រយៈពេល ០៣ឆ្នាំ ជិត៣០០គ្រឿងផងដែរ»។
គោលបំណង KOOMPI ចង់ជួយឱ្យសិស្សានុសិស្ស និស្សិត និងគ្រូបង្រៀនគ្រប់រូប អាចធ្វើការសិក្សាស្រាវជ្រាវក្នុងកិច្ចការរបស់ខ្លួន តាមប្រព័ន្ធអនឡាញទូទៅ ជាចៃដន្យនៅក្នុងស្ថានកូវីដ១៩ផង ដែលសាកសមជាមធ្យោបាយសម្រាប់អ្នកសិក្សាផងដែរ។ លើសពីនេះទៀត KOOMPI នឹងគម្រោងចេញជំនាន់ថ្មីដែលមានតម្លៃសមរម្យបំផុត ដែលបង្កឱ្យមានភាពងាយស្រួលផងដែរ ហើយនឹងមានកម្មវិធីល្អពិសេសៗ បន្ថែមទៀត មិនឱ្យអ្នកគាំទ្ររង់ចាំ ខកបំណងឡើយ។ តែសុំលាក់សិន ថានឹងមានអ្វីប្លែកបន្តទៀត។
គួរបញ្ជាក់ថា លោក ធុល រិទ្ធី មានស្រុកកំណើតស្រុកស្អាង ខេត្តកណ្ដាល។ សព្វថ្ងៃជា សហស្ថានិកក្រុមហ៊ុនកុំព្យូទ័រម៉ាកKOOMPI និង សហស្ថាបនិក SmallWorld។ នៅឆ្នាំ២០០៤ ហើយបានបន្តសិក្សាស្រាវជ្រាវផ្នែកកុំព្យូទ័រនៅភ្នំពេញក្នុងឆ្នាំ២០០៥ និងបន្តថ្នាក់ភាសាអង់គ្លេសនៅមហាវិទ្យាល័យរយៈពេល ០២ឆ្នាំ បន្ទាប់មកក៏បានសិក្សាដោយខ្លួនឯងតែម្ដង តាមរយៈអ៊ីនធ័រណេត និងដំបូន្មានពីអ្នករកស៊ីផ្សេងៗ និងគ្រូផ្ដល់ព្រឹក្សាជនជាតិអាមេរិក ជីវិតសិក្សាស្រាវជ្រាវបច្ចេកទេសផ្សេងៗ។ រហូតឆ្នាំ ២០០៧ បានចូលធ្វើការ ព្រឹក្សាយោបល់សេវាកម្មខាងអចលនទ្រព្យ និងចូលធ្វើការនៅអង្គការមួយផ្ដល់ការអប់រំក្មេងៗ យុវជនកម្ពុជានៅតាមស្រុកជនបទ តំបន់ដាច់ស្រយោល ឆ្ងាយក្រុង ដែលធ្វើឱ្យមានកូនគំនិតចង់បង្កើតកុំព្យូទ័រដល់ក្មេងៗ ឱ្យមានភាពងាយស្រួលដល់សិស្សទូទៅ ព្រោះលោកក៏ដឹងថា ក្មេងៗ នៅខ្វះធនធានឧបករណ៍ ដែលមានតម្លៃសមរម្យតាមលទ្ធភាព។
លោក ធុល រិទ្ធី ថា ក្តីស្រមៃរបស់ខ្លួន គឺបានបង្កើត SmallWorld ដែលជាកន្លែងជំរុញអាជីវកម្មលើកដំបូង (Startup) ក្នុងការជួយប្រជាជនកម្ពុជាច្រើនពាន់នាក់ មានការងារធ្វើ និងជំហានដ៏ធំមួយទៀតដែលទទួលបានហើយ គឺផលិតកុំព្យូទ័រគម្ពីរ(KOOMPI)បានដោយខ្លួនឯង។
លោក ធុល រិទ្ធី ផ្ដាំផ្ញើទៅដល់យុវជនខ្មែរថា «បើជួបបរាជ័យ សូមកុំគិតថា យើងមិនអាចទៅមុខបាន យើងត្រូវខិតខំបន្តទៀត បរាជ័យគ្រាន់តែជាបទពិសោធន៍។ ខ្ញុំបាទគិតថា គ្រប់គ្នា រស់នៅមិនមែនតែដើម្បីលុយតែប៉ុណ្ណោះទេ ត្រូវរស់នៅដើម្បីក្ដីស្រមៃ យកលុយជាមធ្យោបាយ ជួយឱ្យសម្រេចក្ដីស្រមៃ គឺមនុស្សចេះប្រើប្រាស់លុយ មិនមែនឱ្យលុយប្រើប្រាស់មនុស្សទេ។ ខ្ញុំចង់ឃើញកម្ពុជា មានកូនខ្មែរយុវជនខ្មែរមួយចំនួន ប្រហែលជា ៥ ឬ១០ឆ្នាំទៀត ក្លាយជាអ្នកវិទ្យាសាស្រ្តដែលមានសមត្ថភាព វិស្វករដែលមានសមត្ថភាព ឬជាអ្នកជំនាញអាជីពប្រកបដោយមានភាពច្នៃប្រឌិត និងចំណេះជំនាញសិក្សាពីពិភពលោកដែលថ្មីៗ ក្លាយខ្លួនជាអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្រ្តស្វែងរកភពថ្មីដូចស្រុកគេដែរ ដើម្បីជាប្រយោជន៍របស់ប្រទេសជាតិ ជាទំពាំងស្នងឬស្សី អាចធ្វើឱ្យកម្ពុជាជាប្រទេសដែលសម្បូរទៅដោយយុវជនមានចំណេះដឹង ហើយប្រទេសជាតិជិតឆ្ងាយបានស្គាល់ បានដឹងថា ជាប្រទេសជាតិមួយមិនអន់ឡើយ ពិតជាប្រទេសសម្បូរយុវជនពូកែៗ យុវជនជាធនធានមនុស្សច្រើន»៕