681 ezgif.com resize
Moneygramott moi1280x163px

សភាពាណិជ្ជកម្មនៃប្រទេសបារាំង លើកឡើងពីបញ្ហាប្រឈមនៃវិស័យកសិកម្មនៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កម្ពុជាបច្ចុប្បន្នកំពុងមានបញ្ហាកសិកម្មពាក់ព័ន្ធនឹងអស្ថេរភាពតម្លៃកសិផល ការប្រកួតប្រជែងតម្លៃកសិផលជាមួយប្រទេសជិតខាង និងការចំណាយខ្ពស់ក្នុងការដឹកជញ្ជូនកសិផល ជាដើម។ ជាពិសេស ការមិនមានមន្ទីរពិសោធន៍ដើម្បីវិភាគរកសារធាតុសំខាន់ៗមួយចំនួនក្នុងផលិតផលកសិកម្ម ដែលនាំឱ្យមានវត្តមាននៃផលិតផលក្លែងបន្លំនៅលើទីផ្សារជាច្រើន រួមទាំងការនាំចូលគ្រាប់ពូជដំណាំដោយមិនមានការចុះបញ្ជិកាត្រឹមត្រូវ។ បញ្ហាទាំងនេះត្រូវបានសភាពាណិជ្ជកម្មបារាំង លើកឡើងនៅក្នុងការជួបពិភាក្សាការងារ ជាមួយក្រសួងកសិកម្ម នៅអគ្គនាយកដ្ឋានកសិកម្ម ថ្ងៃទី២៩ មករា។

គោលបំណងនៃកិច្ចពិភាក្សាការងារនេះគឺដើម្បីស្វែងយល់អំពីតួនាទីនៃវិស័យកសិកម្មក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា វឌ្ឍនភាពនិងបញ្ហាប្រឈមក្នុងវិស័យកសិកម្ម សកម្មភាពជាយុទ្ធសាស្ត្រដោយរួមបញ្ចូលទាំងការបង្កើតយន្តការហិរញ្ញប្បទាននិងកម្មវិធីនានាដែលលើកទឹកចិត្ត ជំរុញដល់ផលិតកម្មកសិកម្ម ការបើកទូលាយទីផ្សារថ្មីៗ ការធ្វើឱ្យមានស្ថេរភាពនៃតម្លៃកសិផលសំខាន់ៗ ការចូលបម្រើការងាររបស់មន្ត្រីកសិកម្មនៅគ្រប់ឃុំ-សង្កាត់នៅក្នុងប្រទេសកម្ពុជា និងការបង្កើតសហគមន៍កសិកម្មនៅតាមតំបន់ជនបទ។

ជាមួយគ្នានោះ សភាពាណិជ្ជកម្មបារាំង បានលើកឡើងពីបញ្ហាប្រឈមក្នុងពាណិជ្ជកម្មផលិតផលកសិកម្ម ដូចជា បញ្ហាអស្ថេរភាពតម្លៃកសិផល ការប្រកួតប្រជែងតម្លៃកសិផលជាមួយប្រទេសជិតខាង ការចំណាយខ្ពស់ក្នុងការដឹកជញ្ជូនកសិផល ការចំណាយពេលយូរក្នុងការទទួលបានវិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញកសិផល ការចំណាយពេលយូរក្នុងការទទួលបានលិខិតអនុញ្ញាតនាំចូលពូជដំណាំ ការមិនមានមន្ទីរពិសោធន៍ដើម្បីវិភាគរកសារធាតុសំខាន់ៗមួយចំនួនក្នុងផលិតផលកសិកម្ម វត្តមាននៃផលិតផលក្លែងបន្លំនៅលើទីផ្សារ ការនាំចូលគ្រាប់ពូជដំណាំដោយមិនមានការចុះបញ្ជិកាត្រឹមត្រូវហើយ លក់ក្នុងតម្លៃទាប ការខ្វះទីផ្សារបោះដុំកសិផល ការមិនមានការបង្កើតទម្រង់ការផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព ឱ្យបានទូលំទូលាយ។

ជាការឆ្លើយតប ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ក្រសួងកសិកម្ម បាននិងកំពុងអនុវត្តដើម្បីដោះស្រាយបញ្ហាអសកម្ម និងលើកទឹកចិត្តដល់វិនិយោគិនក្នុងវិស័យកសិកម្មនៅកម្ពុជា។ លើសពីនេះ ក្រសួងបានយកចិត្តទុកដាក់លើរាល់បញ្ហាអសកម្ម ដែលតែងលើកឡើងដោយសាធារណជន ដែលបញ្ហាមួយចំនួនគឺជាការយល់ច្រឡំ ពិសេស ករណីការចំណាយពេលយូរក្នុងការទទួលបានវិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញកសិផល និងការចំណាយពេលយូរក្នុងការទទួលបានលិខិតអនុញ្ញាតនាំចូលពូជដំណាំ ដែលករណីនេះមិនដូចអ្វីដែលបានលើកឡើងនោះទេ៕

Khcct banner

អត្ថបទទាក់ទង