681 ezgif.com resize
Moneygramott moi1280x163px

«ថ្នាលផ្ទៀងផ្ទាត់ឯកសារ»របស់កម្ពុជា ឈ្នះមេដាយមាសពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

សិង្ហបុរី៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី១ ខែកុម្ភៈ បានប្រកាសថា “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” ដែលអភិវឌ្ឍដោយ ក.ប.ទ. បានឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដោយរៀបចំនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ មានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌាសហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តជាតិ។

ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ នេះ ប្រទេសសមាជិកអាស៊ានទាំង ១០ បានសម្រិតសម្រាំងផលិតផលឌីជីថល សេវា និងកម្មវិធី (Digital Products, Services and Programs) ល្អៗចំនួន ១២៥ មកដាក់ពាក្យប្រកួតប្រជែង។ ឆ្លងកាត់វគ្គជម្រុះជាច្រើនលើក “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” ជាបេក្ខភាពតំណាងរបស់កម្ពុជាដែលឈានដល់វគ្គផ្តាច់ព្រ័ត្រ។

បន្ទាប់ពីការប្រកួតប្រជែងជាមួយបេក្ខភាពចុងក្រោយទាំងអស់ “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” បានឈ្នះមេដាយមាស លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤។

លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានថ្លែងដោយមោទនភាពថា នេះជាលើកទី១ ដែលកម្ពុជាបានឈ្នះមេដាយមាសលើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ហើយជោគជ័យនេះបានបង្ហាញអំពីសមិទ្ធផលប្រកបដោយផ្លែផ្កានៃការខិតខំបង្កើតដំណោះស្រាយឌីជីថលរបស់ ក.ប.ទ. និង គ.រ.ឌ. ដើម្បីបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ដែលសមិទ្ធផលនេះមានការទទួលស្គាល់មិនត្រឹមតែក្នុងក្របខណ្ឌកម្ពុជាទេ តែពេលនេះ ក៏ត្រូវបានទទួលស្គាល់ថាជាដំណោះស្រាយឌីជីថលល្អបំផុតក្នុងកម្រិតអន្តរជាតិផងដែរ។

លោករដ្ឋមន្រ្តីបានបន្ថែមទៀតថា ជោគជ័យនេះបង្ហាញឱ្យកាន់តែច្បាស់ថា “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” មិនត្រឹមតែពង្រីកវិសាលភាពការប្រើប្រាស់នៅក្នុងកម្ពុជាទេ ថែមទាំងអាចប្រើប្រាស់ជាថ្នាលផ្ទៀងផ្ទាត់ឯកសាររួមរបស់ប្រទេសសមាជិកអាស៊ាន ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារពាណិជ្ជកម្មនិងឯកសារផ្លូវការរបស់បណ្តាប្រទេសក្នុងតំបន់បានដោយមិនតម្រូវឱ្យមានឯកសារច្បាប់ដើម ឬការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។

សូមបញ្ជាក់ថា ពានរង្វាន់ឌីជីថលអាស៊ាន ត្រូវបានបែងចែកជា៦ផ្នែក មានដូចជា ១) ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ២) ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាវិស័យឯកជន ៣) ដំណោះស្រាយសម្រាប់បរិយាបន្នឌីជីថល ៤) ដំណោះស្រាយសម្រាប់មាតិកាឌីជីថល ៥) ដំណោះស្រាយសម្រាប់ធុរកិច្ចថ្មីឌីជីថល និង៦) ដំណោះស្រាយសម្រាប់នវានុវត្តន៍ឌីជីថល។

ក្នុងការប្រកួតប្រជែង ពានរង្វាន់ឌីជីថលអាស៊ាន ផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ានឆ្នាំ២០២៤ នេះ “ប្រព័ន្ធសុខាភិបាលឌីជីថល” របស់ព្រះរាជាណាចក្រថៃទទួលបានមេដាយប្រាក់ ហើយ “ប្រព័ន្ធសំបុត្រកំណើតនិងសំបុត្រមរណភាព” របស់ប្រទេសសិង្ហបុរីទទួលបានមេដាយសំរឹទ្ធ៕

រូបភាព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
រូបភាព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
រូបភាព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍


Khcct banner

អត្ថបទទាក់ទង