
ភ្នំពេញ៖យ៉ាងហោចណាស់ជំនាញទេសចរណ៍ចំនួន ៧០មុខ ត្រូវបានក្រសួងទេសចរណ៍ជំរុញឱ្យមានការបណ្ដុះបណ្ដាល និង អនុវត្តឱ្យបានច្រើនតាមប្រព័ន្ធឌីជីថល ឬអនឡាញ។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា គ្រប់ការរៀបចំស្ដង់ដារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងចាស់ និងថ្មីសរុបចំនួន ៧០មុខជំនាញនេះត្រូវអនុវត្តឱ្យបានច្រើនតាមប្រព័ន្ធឌីជីថល ឬអនឡាញ ហើយត្រូវដាក់បញ្ចូលនូវស្ដង់ដាអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីឱ្យអ្នកជំនាញទេសចរណ៍ជាតិ និងអាស៊ានអនុវត្តការងារឱ្យស្របទៅនឹងបរិបទថ្មីៗ ដែលកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ និងសម្រាប់សភាពការណ៍ប្រែប្រួលនៅថ្ងៃមុខទៀត។
ជាក់ស្តែងដូចជា អ្នកបម្រើការក្នុងផ្នែកម៉ាស្សាទាំងអស់ មុនចេញធ្វើការពេញសិទ្ធិ ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលពីគ្រូបង្គោលអាស៊ាន ដែលមានការទទួលស្គាល់ត្រឹមត្រូវ ផ្អែកលើគុណវឌ្ឍិ និងគុណភាពអាស៊ាន។ អ្នកដែលទទួលការបណ្ដុះបណ្ដាលជំនាញនីមួយៗពីគ្រូបង្គោលអាស៊ានរួចហើយ ពួកគេចង់ទៅធ្វើការនៅប្រទេសណាក៏បាន ឱ្យតែស្ថិតក្នុងតំបន់អាស៊ាន តែក៏ត្រូវស្របទៅតាមច្បាប់ការងារនៃប្រទេសទទួល និងប្រទេសបញ្ជូនផងដែរ ពោលគឺស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងការងារនៃប្រទេសនីមួយៗ។
ជាមួយនឹងជំនាញទេសចរណ៍ចំនួន ៧០មុខ គឺរបូកទាំងស្ដង់ដារក្នុងផ្នែកសណ្ឋាគារ និងផ្នែកសេវាកម្មធ្វើដំណើរចំនួន ៣២មុខជំនាញ ស្ដង់ដារម៉ាស្សាចំនួន ៦មុខជំនាញ និងស្ដង់ដា MICE ចំនួន ៣២មុខជំនាញថ្មីទៀត៕