មណ្ឌលគិរី៖ ដោយមើលឃើញពីកង្វះខាតគ្រូភាសាអង់គ្លេសនៅថ្នាក់បឋម និងកត្តាដែលសិស្សភាគច្រើនជាជនជាតិដើមភាគតិច ពិបាកក្នុងការចាប់យកភាសាសកលនេះ គ្រូបង្រៀនភាសាអង់គ្លេសម្នាក់ និងក្រុមប្រឹក្សាឃុំស្រែព្រះ បានផ្តួចផ្តើមបង្កើតជាថ្នាក់បង្រៀនភាសាអង់គ្លេសក្រៅម៉ោងដោយឥតគិតថ្លៃនៅផ្ទះលោក ភោគ សេដ្ឋា ដែលជាសមាជិកក្រុមប្រឹក្សាឃុំស្រែព្រះ។
អ្នកគ្រូ ជុំជា ចរិយា ជាគ្រូភាសាអង់គ្លេសនៅអនុវិទ្យាល័យស្រែព្រះ អស់រយៈពេល៧ឆ្នាំមកហើយ ដោយមើលឃើញពីសារសំខាន់នៃភាសាអង់គ្លេស កង្វះខាតគ្រូភាសាអង់គ្លេសនៅថ្នាក់បឋម និងកត្តាដែលសិស្សភាគច្រើនជាជនជាតិដើមភាគតិច ពិបាកក្នុងការចាប់យកភាសាសកលនេះ គ្រូបង្រៀនភាសាអង់គ្លេសរូបនេះ និងលោក ភោគ សេដ្ឋា ដែលជាសមាជិកក្រុមប្រឹក្សាឃុំស្រែព្រះ បានផ្តួចផ្តើមបង្កើតជាថ្នាក់បង្រៀនភាសាអង់គ្លេសក្រៅម៉ោងដោយឥតគិតថ្លៃនៅផ្ទះលោក ភោគ សេដ្ឋា ផ្ទាល់តែម្ដង។
លោក មឹ ជាវ័យ ប្រធានសហគមន៍ស្រែព្រះ បានមើលឃើញពីការខិតខំប្រឹងប្រែងក្នុងការងារស្ម័គ្រចិត្តរបស់អ្នកគ្រូ ជុំជា ចរិយា លោកបានពិភាក្សាជាមួយគណៈកម្មការសហគមន៍ក្នុងការផ្តល់ថវិកាលើកទឹកចិត្តដល់អ្នកគ្រូចំនួន ២០០,០០០រៀល ក្នុងមួយខែ ដើម្បីជ្រោមជ្រែងឱ្យការងារស្ម័គ្រចិត្តនេះបន្តទៅមុខបានដោយរលូន និងអាចឱ្យសិស្សានុសិស្សក្នុងសហគមន៍មានមូលដ្ឋានគ្រឹះភាសាអង់គ្លេសតាំងពីក្មេងទៅ។ លោកបានបន្ថែមដែរថា សិស្សខ្លះមានជីវភាពខ្វះខាត មិនមានលទ្ធភាពគ្រប់គ្រាន់ បង់ថ្លៃសិក្សាភាសាអង់គ្លេសនៅសាលាគួរ បាននោះទេ។ ដូចនេះទើបបានជា គាំទ្រឱ្យមានថ្នាក់ភាសាអង់គ្លេសក្រៅម៉ោងដោយឥតគិតថ្លៃ។
ជាមួយគ្នានេះ អ្នកគ្រូ ជុំជា ចរិយា បានលើកទឹកចិត្តឱ្យសិស្សានុសិស្ស និងអាណាព្យាបាលបញ្ជូនកូនមករៀនឱ្យបានទៀងទាត់ ដើម្បីជាថ្នាលក្នុងការបណ្តុះពួកគេ។ ជាពិសេសនៅពេលពួកគេ មានចំណេះដឹងភាសាអង់គ្លេស ពួកគេអាចជួយខ្លួនឯងបាន ទោះបីជាពួកគេរៀនចប់ត្រឹមថ្នាក់ទី៩មែន តែអាចរកការងារធ្វើបានដោយសារពួកគេចេះភាសាអង់គ្លេស។
សូមជម្រាបថា ដោយមើលឃើញពីសារសំខាន់នៃភាសាអង់គ្លេស សហគមន៍ស្រែព្រះដែលស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមាបានប្រើប្រាស់ «ថវិការេដបូកសម្រាប់សហគមន៍» ក្នុងការគាំទ្រថ្នាក់ភាសាអង់គ្លេសក្រៅម៉ោងចំនួន២ថ្នាក់។ សហគមន៍ស្រែព្រះ គឺជាសហគមន៍ទីមួយដែលបានប្រើប្រាស់ «ថវិការេដបូកសម្រាប់សហគមន៍» ក្នុងការគាំទ្រលើការបង្រៀនភាសាអង់គ្លេសក្រៅម៉ោង ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការយល់ដឹង និងបង្កើនសមត្ថភាពរបស់ក្មេងៗជនជាតិដើមភាគតិចព្នង៕