វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកបានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសមីយ៉ាន់ម៉ាក្នុងខួបគម្រប់បីឆ្នាំនៃរដ្ឋប្រហារដោយមេដឹកនាំយោធាដែលរៀបចំឡើងដោយលោក មីន អុងឡាំង។ ការដាក់ទណ្ឌកម្មថ្មីនេះលើប្រទេសមីយ៉ាន់ម៉ាគឺផ្តោតទៅលើការហុំព័ន្ធសេដ្ឋកិច្ច និងទណ្ឌកម្មមួយចំនួនទៀតដែលប្រឆាំងនិងរបបយោធាដែលតែងតែសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ដែលងើបប្រឆាំង និងបះបោលក្នុងការធ្វើរដ្ឋប្រហារ និងការកាន់កាប់ប្រទេសដោយខុសច្បាប់របស់លោក មីន អ៊ុងឡាំង។
យោងតាមក្រសួងរតនាគារសហរដ្ឋអាម៉េរិកបានឲ្យដឹងថាអាម៉េរិកបានកំណត់គោលដៅលើក្រុមហ៊ុន Shwe Byain Phyu Group ម្ចាស់ក្រុមហ៊ុន Thein Win Zaw ប្រពន្ធរបស់លោក មីង អ៊ុងឡាំង និងកូនពេញវ័យពីរនាក់របស់លោក ដោយក្នុងនោះក៏មានការដាក់ទណ្ឌកម្មលើក្រុមហ៊ុននាំចូល និងចែកចាយប្រេងសម្រាប់យោធា និងមានទំនាក់ទំនងចែករំលែកប្រាក់ចំណេញជាមួយក្រុមហ៊ុនយោធា Myanmar Economic Holdings Ltd ដែលកាន់កាប់ដោយរបរយោធាមីយ៉ាន់ផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានអះអាងថា"យើងកំពុងចាត់វិធានការនេះដើម្បីកំណត់គោលដៅប្រភពចំណូលរបស់របបនេះ ដែលគាំទ្រសកម្មភាពយោធាប្រឆាំងនឹងជនស៊ីវិល"។
សេដ្ឋកិច្ចក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានជាប់គាំងនៅក្នុងជម្លោះចាប់តាំងពីយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារក្នុងឆ្នាំ ២០២១ ដែលបានបង្កឱ្យមានភាពចលាចលទូទាំងប្រទេស និងបានបញ្ចប់យ៉ាងឆាប់រហ័យនៃលទ្ធិប្រជាធិបតេយ្យ និងកំណែទម្រង់សេដ្ឋកិច្ចរយៈពេលមួយទសវត្សរ៍។ ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកនិងបណ្តាលប្រទេសមួយចំនួនទៀតត្រូវបានដាក់លើប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីឆ្នាំ ២០២១មក ក៏ប៉ុន្តែបើទោះបីជាទទួលរងសម្ពាធយ៉ាងណាក៏មីយ៉ាន់ម៉ានៅតែបន្តដឹកនាំប្រទេសរបស់ខ្លួនដោយរបបយោធា និងបានចាប់ឃុំខ្លួនលោកស្រី អ៊ុង សានសូជី ឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំថែមទៀតផង៕