ភ្នំពេញ៖ លទ្ធផល១០០ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស បានសម្រេចសំណុំរឿងសរុប៨ ១១៣ ស្មើនឹង៦៣%នៃសំណុំរឿងដែលកកស្ទះកន្លងមក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៍ថ្ងៃ ២៨ សីហា ឆ្នាំ២០២០។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងយុត្តិធម៌ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃ ២៧ សីហា ឆ្នាំ២០២០ គណៈកម្មការដឹងនាំការដោះស្រាយសំណុំរឿងដែលកកស្ទះ នៅតាមសាលាដំបូងរាជធានីខេត្តរយៈពេល១០០ថ្ងៃ បានសម្រេចជាលទ្ធផលលើរឿងក្ដីចំនួន ៨ ១១៣សំណុំរឿង។
បន្ថែមពីនេះ ក្រោយការដោះស្រាយសំណុំរឿងទាំងនេះបានជោគជ័យ ស្ថាប័នពាក់ព័ន្ធនានា នឹងរំពឹងទុកថា សាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស នឹងបន្តខិតខំដោះស្រាយការកកស្ទះសំណុំរឿងនៅតាមអង្គភាពឱ្យចប់សព្វគ្រប់នៅត្រឹមដំណាច់ឆ្នាំ២០២០នេះ ដោយប្រកាន់ខ្ជាប់ក្នុងនូវអភិក្រមការងារយុទ្ធនាការគឺ«លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។
សូមជម្រាបជូនថា សាលាដំបូងរាជធានីខេត្ត បានចាប់ផ្ដើមដោះស្រាយសំណុំរឿងចាស់ៗដែលកកស្ទះកន្លងមកចាប់ពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃ២៧ សីហា ឆ្នាំ២០២០៕
