ចិន៖ លោក អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងសន្និសីទអប់រំឌីជីថលពិភពលោក ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងសៀងហៃ ប្រទេសចិន ដែលសហការរៀបចំដោយក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន គណៈកម្មការជាតិចិន សម្រាប់អង្គការយូណេស្កូ និងរដ្ឋាភិបាលប្រជាជនក្រុងសៀងហៃ។
សន្និសីទនេះមានគោលបំណង សហការជាមួយរដ្ឋាភិបាល គ្រឹះស្ថានសិក្សា សហគ្រាស អង្គការអន្តរជាតិពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរួមគ្នាស្វែងយល់ពីនវានុវត្តន៍ក្នុងការអប់រំឌីជីថល លើកកម្ពស់ការអប់រំប្រកបដោយបរិយាប័ន្ន សមធម៌ និងគុណភាព តាមរយៈការផ្លាស់ប្តូរមតិយោបល់ ស្ដីពីការអប់រំតាមប្រព័ន្ធឌីជីថល ដើម្បីជំរុញការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
តាមរយៈប្រធានបទ “Digital Education: Application, Sharing, and Innovation” សន្និសីទនេះ បានផ្តោតលើប្រធានបទ ការកែលម្អអក្ខរកម្មឌីជីថល និងសមត្ថភាពរបស់គ្រូបង្រៀន ការអប់រំឌីជីថល រចនាសម្ព័ន្ធសង្គមសិក្សា និន្នាការសកលនៃការអភិវឌ្ឍន៍ សន្ទស្សន៍វាយតម្លៃការអប់រំឌីជីថល បញ្ញាសិប្បនិម្មិត ក្រមសីលធម៌ឌីជីថល បញ្ហាប្រឈម និងអភិបាលកិច្ចឌីជីថលក្នុងការអប់រំ។
ខណៈដែលបដិវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មី ព្រមទាំងបដិវត្តន៍ឧស្សាហកម្មមានការកើនឡើង ហើយបច្ចេកវិទ្យាឌីជីថលបានក្លាយជាកម្លាំងចលករដែលផ្លាស់ប្តូរការគិត រចនាសម្ព័ន្ធ និងប្រតិបត្តិការការងារ លើគ្រប់វិស័យ វាក៏បាននាំមកនូវបញ្ហាប្រឈមថ្មី និងឱកាសសំខាន់ៗ ក្នុងការបង្កើតបែបបទថ្មី និងលើកកម្ពស់ការអភិវឌ្ឍន៍។ បច្ចេកវិទ្យាឌីជីថល ត្រូវបានរួមបញ្ចូលទៅក្នុងគ្រប់ផ្នែកទាំងអស់នៃសង្គម ហើយនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការអភិវឌ្ឍន៍នៃការអប់រំនាពេលអនាគត។
អង្គការសហប្រជាជាតិ រួមជាមួយបណ្តាប្រទេសនៅទូទាំងពិភពលោក និងអង្គការអន្តរជាតិជាច្រើន កំពុងចាត់វិធានការយ៉ាងសកម្ម ដើម្បីផ្តល់អាទិភាពដល់ការអប់រំឌីជីថល ជាផ្លូវដ៏សំខាន់ និងគំនិតផ្តួចផ្តើមក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម និងការកសាងអនាគត។ ការផ្លាស់ប្តូរឌីជីថលបានក្លាយជាយានដ៏សំខាន់ និងទិសដៅសម្រាប់ការផ្លាស់ប្តូរការអប់រំជាសកល៕