សៀមរាប៖ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានរើគំនរផ្ទាំងថ្មជាច្រើនរយដុំ ដើម្បីជួសជុលកម្រាលដែលស្រុត ព្រមទាំងរៀបចំប្រព័ន្ធបង្ហូរទឹកបុរាណ នៅរោងទងទី១ ដែលមិនដំណើរការយូរឆ្នាំ ឱ្យមានដំណើរការឡើងវិញ ដែលស្ថិតនៅផ្នែកខាងត្បូងឆៀងខាងលិចរបស់ប្រាសាទបាយ័ន។
ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន បានឱ្យដឹងថា កម្រាលថ្មរបស់រោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិច នៃប្រាសាទបាយ័នបានស្រុត ហើយទាមទារឱ្យក្រុមការងារត្រូវតែរុះរើផ្ទាំងថ្មចេញសិន ទើបយកមកផ្គុំសាកល្បងឡើងវិញដើម្បីជួសជុល។ ចំណែក ប្រព័ន្ធបង្ហូរទឹកបុរាណវិញ មិនដំណើរការយូរឆ្នាំមកហើយ។ ក្នុងកំឡុងពេលមានភ្លៀងធ្លាក់ម្តងៗ គឺមានស្ទះទឹក ទើបក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលឡើងវិញ ដើម្បីឱ្យមានដំណើរការរំដោះទឹកចេញពីប្រាសាទបាយ័នទៅខាងក្រៅ។
អ្នកជំនាញរូបនេះបានបន្ដថា ការរើថ្មកម្រាលរោងទងទី១ និងជួសជុលប្រព័ន្ធបង្ហូរទឹកនេះគឺមានសារសំខាន់ ដើម្បីរកវិធីបញ្ចៀសទឹកភ្លៀងចេញពីខាងលើរួតទី៣ដែលហូរធ្លាក់មកក្រោយប្រាសាទឱ្យកាន់តែលឿន និងកាត់បន្ថយបរិមាណទឹកភ្លៀងហូរចូលទៅក្នុងគ្រឹះប្រាសាទ។ កាលណា បរិមាណទឹកភ្លៀងហូរចូលទៅក្នុងគ្រឹះប្រាសាទច្រើន វាអាចនាំឱ្យដីល្បាប់ខ្សាច់ហូរចេញទៅតាមទឹកភ្លៀង ដែលនាំឱ្យគ្រឹះប្រាសាទខ្សោយ៕