ភ្នំពេញ៖ ក្រសួងអប់រំបានធ្វើការបង្ហោះពីឱកាសសម្រាប់និស្សិត បញ្ញវន្ត សាធារណជនដែលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជននានា ដាក់ពាក្យសុំអាហារូបករណ៍ និងចូលរួមស្ដាប់បទបង្ហាញដោយសេរី ស្ដីពី បែបបទ និងគន្លឹះសំខាន់ៗ ដើម្បីសុំអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសណូវែលហេ្សឡង់។
បើតាមគេហទំព័រផ្លូវការរបស់ក្រសួងអប់រំបានឱ្យដឹងថា អាហារូបករណ៍នេះត្រូវបានផ្តល់ឱ្យនិស្សិតសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬ បណ្ឌិតនៅប្រទេស ណូវែលហ្សេឡង់ សម្រាប់ឆ្នាំ២០២៤។ លើសពីនេះទៅទៀត នឹងមានកម្មវិធីធ្វើបទបង្ហាញពីព័ត៌មាននៃអាហារូបករណ៍នេះនៅក្នុងរាជធានីភ្នំពេញផងដែរដែលអាចជ្រើសរើសថ្ងៃចូលរួមស្តាប់បាននៅថ្ងៃផ្សេងគ្នានៅទីតាំងផ្សេងគ្នាដូចដែលបានបង្ហាញក្នុង Google Form ផងដែរដែលអ្នកចូលរួមត្រូវចុះឈ្មោះទុកជាមុនតាមការណែនាំ។
ដើម្បីអាចដាក់ពាក្យអាហារូបករណ៍នេះបាន បេក្ខជនត្រូវមានលក្ខខណ្ឌដូចជា មានអាយុយ៉ាងតិច ១៨ ឆ្នាំ និងក្រោម ៤០ ឆ្នាំនៅពេលដែលចាប់ផ្តើមការសិក្សា និងមានបទពិសោធន៍ធ្វើការពេញម៉ោងយ៉ាងតិច ១ឆ្នាំ ឬ ក្រៅម៉ោងរយៈពេល ២ ឆ្នាំ នៅក្នុងវិស័យដែលពាក់ព័ន្ធនឹងជំនាញនិងអាហារូបករណ៍ដែលខ្លួនបានជ្រើសរើស ។ បន្ថែមពីនេះ បេក្ខជនអាចប្រើប្រាស់ភាសាអង់គ្លេសបាន និងមានឯកសារគ្រប់គ្រាន់ដើម្បីដាក់ពាក្យ។
ការដាក់ពាក្យនឹងទទួលចាប់ពីថ្ងៃទី ១ កុម្ភៈ រហូតដល់ ថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ២០២៤ ម៉ោង១២ថ្ងៃត្រង់ ម៉ោងនៅប្រទេសណូវែលហេ្សឡង់។សម្រាប់បេក្ខជនដែលមិនធ្លាប់ដាក់អាហារូបករណ៍នេះកន្លងមក តម្រូវឱ្យធ្វើតាមដំណាក់កាលផ្សេងៗដូចជា ចូលទៅក្នុងគេហំព័រដើម្បីបំពេញ Eligible Test ហើយប្រសិនបើមានគ្រប់លក្ខខណ្ឌ នោះបេក្ខជននឹងអាចបង្កើតគណនីសម្រាប់ដាក់អាហារូបករណ៍ បន្ទាប់មកបេក្ខជនបំពេញព័ត៌មានដែលត្រូវការ និងឯកសារផ្សេងៗឱ្យបានមុនថ្ងៃផុតកំណត់នៃកាលបរិច្ឆេទខាងលើ។
មួយវិញទៀត សិស្សអាចចុះឈ្មោះចូលរួមកម្មវិធីចែករំលែកបទពិសោធន៍ពីកម្មវិធីតាមរយៈតំណភ្ជាប់ https://goo.gl/CbsEhF និងអាចដាក់ពាក្យអាហារូបករណ៍តាមរយៈhttps://scholarship.force.com/Scholar/s/។
សម្រាប់ព័ត៌មានបន្ថែម និស្សិតអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 023222063 រឺ ចូលទៅក្នុងគេហទំព័រ https://www.nzscholarships.govt.nz/៕