ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី៣០ មករានេះ បានបង្ហាញកំណត់ហេតុ ស្តីពីកាចុះកិច្ចសន្យា របស់គ្រូបារមីចំនួន៦នាក់ ដើម្បីសន្យាឈប់បង្ហោះ និងលុបវីដេអូពាក់ព័ន្ធ បារមី អូមអាម និង ឈប់ធ្វើសកម្មភាពមិនសមរម្យ ដែលនាំឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា។ ការចាត់វិធានការនេះធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងធម្មការ ពិនិត្យឡើងនូវសកម្មភាពមិនសមរម្យរបស់គ្រូបារមីដែលផ្សព្វផ្សាយក្នុងបណ្តាញសង្គម។
គ្រូបារមីចំនួន៦នាក់ រួមមាន លោក ញ៉ឹប សុភិន ដែលគេស្គាល់ថាជាគ្រូបារមីចេះនិយាយ១២ភាសា, លោក វ៉ាត វុធ ដែលគេស្គាល់ថាជាគ្រូបារមីឥសីសំរិទ្ធ, លោក ស៊ីវ សុផល ជាគ្រូហុងស៊ុយ ហៅគ្រូ បារមីមុនីឥសីខ្លា , លោក គឹម បុត្តា ជាគ្រូដោះអំពើ អាបធ្មប់ នៅខេត្តកំពង់ចាម, លោក ប៉ាន់ វណ្ណៈ ជាគ្រូបារមី នៅខេត្តកំពត, និងកញ្ញា សុខ នី ជាគ្រូទាយជោគវាសនា និងមើលជំងឺ នៅខេត្តក្រចេះ។
ការចុះកិច្ចសន្យានេះធ្វើឡើងនៅចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច ដោយមានស្នាមមេដៃគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និង បញ្ជាក់ការសន្យាថានឹងឈប់បង្ហោះ និងលុបវីដេអូពាក់ព័ន្ធ បារមី អូមអាម បំផ្លើសអ្វីដែលខុសពីការពិត និងឈប់ធ្វើសកម្មភាពមិនសមរម្យ ដែលនាំឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា។ ក្នុងករណីមានការបង្ហោះ ឬមិនលុបចេញរាល់សកម្មភាព ដែលបានធ្វើកន្លងមក នោះនឹងទទួលខុសត្រូវនៅចំពោះមុខច្បាប់ជាធរមាន។
ក្រសួងធម្មការ និងសាសនា បានស្នើដល់មហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឈប់បង្ហោះ វីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេងៗ ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន៕