
ចិន៖ លោក Wu Qian អ្នកនាំពាក្យនៃក្រសួងការពារជាតិចិន ថ្ងៃទី ២៧ ខែសីហា បានថ្លែងនៅក្រុងប៉េកាំងថា បច្ចុប្បន្ន ទំនាក់ទំនងរវាងចិននិងអាមេរិកបាននិងកំពុងប្រឈមនឹងសភាពការណ៍ស្មុគស្មាញនិងតានតឹងបំផុតតាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតមក ប្រទេសចិនមិនធ្វើតាមតែទំនើងចិត្តរបស់អាមេរិក ហើយក៏មិនបណ្តែតបណ្តោយឱ្យអាមេរិកធ្វើតាមទំនើងចិត្តនោះដែរ ។ ពេលឆ្លើយតបនឹងសំណួរស្តីពីការដែលអាមេរិកបានបង្ករឿងជារឿយៗ លោក Wu Qian បានគូសបញ្ជាក់ថា ទីមួយគឺប្រទេសចិនប្រឆាំងយ៉ាងដាច់ខាត ទីពីរគឺមិនភ័យខ្លាឡើយ ។
លោក Wu Qian អ្នកនាំពាក្យនៃក្រសួងការពារជាតិចិនបានលើកឡើងថា ទង្វើបង្ករឿងរបស់អាមេរិកបែបនេះ គឺមិនអើពើពីសុវត្ថិភាពអាយុជីវិតរបស់ពលទាហាននិងនាយទាហានជួរមុខរបស់ភាគីទាំងពីរ មិនអើពើពីផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏មិនអើពើពីក្តីបំណងរក្សាសន្តិភាពរបស់ប្រជាជនទូទាំងពិភពលោកផងដែរ ទង្វើបែបនេះមិនអាចទទួលបានការគាំទ្រជាដាច់ខាត ។
លោក Wu Qian បានរំលឹកឡើងវិញថា ប្រទេសចិនដាស់តឿនអ្នកនយោបាយអាមេរិកមួយចំនួនតូចឱ្យយល់ដឹងពីការពិតជាក់ស្តែងឱ្យបានច្បាស់ រក្សាវិចារណញ្ញាណ បញ្ឈប់ការបង្ករឿងហេតុ ក្នុងន័យជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនិងកងទ័ពទាំងពីរឱ្យវិលត្រឡប់ទៅកាន់ផ្លូវត្រឹមត្រូវវិញ៕អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន