ភ្នំពេញ៖ កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំបានប្រកាសជាផ្លូវការនៃការជ្រើសរើសអ្នកស្ម័គ្រចិត្តបង្គោលរាជធានី ជំនាន់ទី៦ ឆ្នាំ២០២៤ ដើម្បីសម្របសម្រួល និងប្រឹក្សាយោបល់ដល់អ្នកស្ម័គ្រចិត្តប្រចាំខេត្តនីមួយៗ។
បើតាមការផ្សព្វផ្សាយក្នុងគេហទំព័រផ្លូវការរបស់កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ) បានឱ្យដឹងថា ស.ស.ខ ឬ ហៅកាត់ជាភាសាអង់គ្លេសថា VMC ២០២៤ នឹងអនុវត្តនៅទូទាំង ២៥ រាជធានី ខេត្ត។ ដូចនេះ ស.ស.ខ នឹងធ្វើការជ្រើសរើសអ្នកស្ម័គ្រចិត្តបង្គោលរាជធានីដែលមានផ្នែកផ្សេងៗដូចជា ១). ផ្នែកកៀរគរធនធាន ២). ផ្នែករបាយការណ៍ និងពិធីការ ៣). ផ្នែកមេឌៀ (media)និងផ្សព្វផ្សាយ និង ៤). អ្នកស្ម័គ្រចិត្តបង្គោលរាជធានីប្រចាំខេត្តនីមួយៗ (២នាក់/ខេត្ត)។
គួរកត់សម្គាល់ដែរថា លក្ខណៈសម្បត្តិដែលអាចដាក់ពាក្យចូលរួមកម្មវិធីនេះបាន បេក្ខជនត្រូវមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ ដែលអាចជានិស្សិត មន្រ្តីរាជការ បុគ្គលិកអង្គការ ឬ ក្រុមហ៊ុន ដែលមានឆន្ទៈក្នុងការចូលរួមការងារស្ម័គ្រចិត្ត និងអភិវឌ្ឍសង្គមជាតិ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការងារនិងភាពជាអ្នកដឹកនាំ ដែលអាចប្រើប្រាស់ជំនាញបច្ចេកវិទ្យាមួយចំនួនបានផងដែរ។
មួយវិញទៀត ប្រសិនបើបេក្ខជនមានបំណងក្នុងការដាក់ពាក្យ ត្រូវធ្វើការបំពេញព័ត៌មានតាមតំណភ្ជាប់ឱ្យបានមុនថ្ងៃទី ១១ កុម្ភៈ ឆ្នាំ២០២៤ ដែលនឹងដឹងលទ្ធភាពជម្រុះដំបូងនៅថ្ងៃទី ១៧ កុម្ភៈ បន្ទាប់មកនឹងសម្ភាសនៅថ្ងៃទី ២៤ កុម្ភៈ ដែលនឹងដឹងលទ្ធផលជាប់ស្ថាពរនៅថ្ងៃទី ២ មីនា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់លេខទូរស័ព្ទ ០១១៣៧១៨២៦/០៩៦៩៤៦៦៣១១ (តេឡេក្រាម) ។
គួរបញ្ជាក់ផងដែរថា កម្មវិធីការងារស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ គឺជាកម្មវិធីរបស់នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលនៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្នដើម្បីចូលរួមក្នុងការកសាង និងអភិវឌ្ឍសហគមន៍ដែលពួកគេកំពុងរស់នៅ ក៏ដូចជាកសាងសមត្ថភាពផ្ទាល់ខ្លួន សម្រាប់ការងារនាពេលអនាគត៕