សៀមរាប៖ ការជួសជុលខឿនរួតទី៣ ជ្រុងនិរតីនៃប្រាសាទបាយ័ន ត្រូវបានបញ្ចប់ជាស្ថាពរនៅដើមឆ្នាំ២០២៤នេះ បន្ទាប់ពីបានចំណាយពេលជួសជុល តាំងពីដើមឆ្នាំ២០២៣ និងនៅមានសល់ការងារតិចតួចប៉ុណ្ណោះ ដែលមិនទាន់រួចរាល់ ដូចជា ការដាប់សម្អាតថ្មថ្មី និងបិទបាយអបំពេញនៅតាមមុខដំណរថ្ម ជាដើម។
ការងារជួសជុលខឿនរួតទី៣ សម្រេចបានដោយជោគជ័យដូចជា រៀបចំថ្មខឿនដែលរំកិលហែកក្រៀកឱ្យចូលទីតាំងដើមវិញ បុកបង្ហាប់ដីគ្រឹះ រៀបថ្មកម្រាល រំដោះទឹកហូរតាមប្រព័ន្ធទឹកបុរាណឡើងវិញ ជួសជុលបង្កាន់ដៃនាគប្រវែងប្រហែល១២ម៉ែត្រ ដែលក្នុងការងារទាំងនេះកន្លែងខ្លះត្រូវបន្ថែមថ្មថ្មីដែលចាំបាច់។ ការងារនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣ បានឈានដល់ការសម្រេចជាស្ថាពរ និងនៅសល់តែការងារតិចតួច ដូចជា ការដាប់សម្អាតថ្មថ្មី និងបិទបាយអបំពេញនៅតាមមុខដំណរថ្មតែប៉ុណ្ណោះ។
កញ្ញា ម៉េង សុវណ្ណលីលីន ជាស្ថាបត្យករ ឱ្យដឹងទៀតថា ខឿនជ្រុងខាងត្បូងផ្នែកខាងលិចរបស់រួតទី៣នៃប្រាសាទបាយ័ន រងខូចខាតខ្លាំងដោយសារឬសឈើបានដុះចាក់ចូលទៅក្នុងរចនាសម្ពន្ធធ្វើឱ្យថ្មមួយចំនួនរំកិលចេញពីទីតាំងដើម និងបង្កើតបានជាប្រហោងនៅតាមចន្លោះថ្ម។ ទឹកហូរច្រោះចូលទៅតាមប្រហោងថ្មដោយនាំល្បាយដីខ្សាច់ចេញមកក្រៅបណ្ដាលឱ្យខឿននេះហែកក្រៀកមួយចំនួន។ ម្យ៉ាងទៀត បារាំងធ្លាប់បានជួសជុលដោយប្រើបាយអស៊ីម៉ងត៍ទៅបិទបំពេញនៅតាមចន្លោះថ្មកម្រាល ប៉ុន្តែ មកដល់បច្ចុប្បន្នបាយអនោះអស់គុណភាព ហើយបានធ្វើឱ្យខឿនរួតទី៣របស់ប្រាសាទបាយ័ននៅតែប្រឈម និងហានិភ័យជាថ្មី៕